យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស បានឱ្យដឹងថា”ល្វីងជាថ្នាំ” គឺជាពាក្យស្លោកដ៏ស័ក្តិសមបំផុតសម្រាប់ “ដើមស្តៅ”។ មិនត្រឹមតែជាបន្លែសម្រាប់អមជាមួយទឹកត្រីផ្អែមដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែតាមបែបវេជ្ជសាស្ត្រ ស្តៅគឺជាឃ្លាំងវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលផ្តល់អត្ថប្រយោជន៍អស្ចារ្យដល់ទៅ ៧ យ៉ាងសម្រាប់សុខភាព៖
១. បន្សុទ្ធឈាម និងទ្រទ្រង់បេះដូង៖ រសជាតិល្វីងរបស់ស្តៅជួយបន្សាបជាតិពុលក្នុងចរន្តឈាម ជំរុញលំហូរឈាមឱ្យរត់បានស្រួល និងជួយពង្រីកសរសៃឈាម ដែលកាត់បន្ថយសម្ពាធដល់បេះដូង។
២. ជំនួយការពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម៖ ស្តៅជួយធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមមានតុល្យភាព និងជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ តាមរយៈការជំរុញទឹកប្រមាត់ឱ្យរំលាយជាតិខ្លាញ់បានរហ័ស។
៣. ប្រយុទ្ធប្រឆាំងមហារីក និងមេរោគ៖ សមាសធាតុពិសេស ក្នុងដើមស្តៅ មានសមត្ថភាពរារាំងការលូតលាស់នៃដុំសាច់ និងកោសិកាមហារីក ព្រមទាំងអាចការពារជំងឺគ្រុនចាញ់បានយ៉ាងមានប្រសិទ្ធភាព។
៤. ព្យាបាលជំងឺស្បែក និងផ្សិត៖ សារធាតុ Gedunin ក្នុងស្លឹកស្តៅ គឺជាសត្រូវនៃជំងឺសើស្បែក ដូចជា កមរមាស់ ស្រែង និងការឆ្លងមេរោគផ្សិតផ្សេងៗ តាមរយៈការកម្ចាត់បាក់តេរី និងមេរោគ។
៥. ពង្រឹងឆ្អឹង និងកាត់បន្ថយការឈឺសន្លាក់៖ ការប្រើប្រាស់ប្រេងស្តៅសម្រាប់ម៉ាស្សា ឬការញ៉ាំជាតែ ជួយកាត់បន្ថយការរលាកសន្លាក់ និងជួយឱ្យឆ្អឹងកាន់តែរឹងមាំ។
៦. ថែរក្សាសុខភាពមាត់ធ្មេញ៖ ស្តៅជួយកម្ចាត់បាក់តេរីក្នុងមាត់ ព្យាបាលការហូរឈាមតាមអញ្ចាញធ្មេញ និងធ្វើឱ្យធ្មេញរឹងមាំ ដែលជាមូលហេតុគេយកវាធ្វើជាគ្រឿងផ្សំក្នុងថ្នាំដុសធ្មេញបុរាណ។
៧. ជម្រើសសម្រាប់ការពន្យារកំណើត៖ តាមបែបបុរាណ ប្រេងស្តៅត្រូវបានគេយកមកប្រើប្រាស់ជាភ្នាក់ងារសម្លាប់មេជីវិតឈ្មោល ដែលជាវិធីសាស្ត្រធម្មជាតិម្យ៉ាងក្នុងការជួយពន្យារកំណើត។
ទោះបីជាស្តៅមានអត្ថប្រយោជន៍ច្រើន ប៉ុន្តែអ្នកមិនគួរទទួលទានច្រើនហួសប្រមាណក្នុងរយៈពេលវែងនោះទេ ជាពិសេសស្ត្រីមានផ្ទៃពោះ ឬអ្នកដែលកំពុងព្យាយាមយកបុត្រ៕