យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស បានឱ្យដឹងថា ផ្លែល្ហុងគឺជាអាហារដែលនៅក្បែរខ្លួនយើងបំផុត ប៉ុន្តែតម្លៃអាហារូបត្ថម្ភរបស់វាគឺលើសពីការស្មាន។ ការទទួលទានល្ហុងមិនថាក្នុងទម្រង់ជាបន្លែស្ល ឬបុក (ល្ហុងខ្ចី) និងជាផ្លែឈើបង្អែម (ល្ហុងទុំ) សុទ្ធតែផ្តល់នូវគុណសម្បត្តិប្លែកៗគ្នាសម្រាប់សុខភាពរាងកាយ។
ចំពោះល្ហុងខ្ចី វាសម្បូរទៅដោយអង់ស៊ីមម្យ៉ាងឈ្មោះថា “ប៉ាប៉ែន” ដែលមានសមត្ថភាពខ្ពស់ក្នុងការជួយរំលាយជាតិប្រូតេអ៊ីន។ ការញ៉ាំល្ហុងខ្ចីជួយកាត់បន្ថយបន្ទុកការងាររបស់ក្រពះ និងជួយលាងសម្អាតកាកសំណល់ចាស់ៗក្នុងពោះវៀនបានយ៉ាងមានប្រសិទ្ធភាព។ ទោះជាយ៉ាងណាក៏ដោយ នៅពេលទទួលទានក្នុងទម្រង់ជាបុកល្ហុង អ្នកគួរប្រុងប្រយ័ត្នចំពោះគ្រឿងទេសដែលមានជាតិប្រៃ និងផ្អែមខ្លាំង ព្រោះវាអាចធ្វើឱ្យរាងកាយទទួលបានជាតិសូដ្យូម និងស្ករលើសកម្រិត។
ដោយឡែកសម្រាប់ល្ហុងទុំវិញ វាត្រូវបានគេស្គាល់ថាជាថ្នាំបញ្ចុះលាមកធម្មជាតិដ៏ពូកែបំផុត ព្រោះវាសម្បូរទៅដោយជាតិសរសៃ ដែលជួយសម្រួលដល់ចលនាពោះវៀន និងការពារជំងឺឫសដូងបាត។ លើសពីនេះ ពណ៌ទឹកក្រូចរបស់ល្ហុងទុំគឺជាប្រភពនៃ លីកូពីន និង បេតាការ៉ូទីន ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងសកម្ម ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត និងការពារការស្ទះសរសៃឈាមបេះដូង។
ក្រៅពីអត្ថប្រយោជន៍ចំពោះរាងកាយ ផ្លែល្ហុងក៏ជួយដល់ប្រព័ន្ធសរសៃប្រសាទផងដែរ។ វីតាមីនដែលមានក្នុងផ្លែឈើនេះជួយចិញ្ចឹមខួរក្បាល បង្កើនការចងចាំ និងកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំងចំពោះមនុស្សចាស់ ឬអ្នកដែលត្រូវធ្វើការប្រើប្រាស់ខួរក្បាលខ្លាំង។
ដើម្បីទទួលបានសុខភាពល្អឥតខ្ចោះ អ្នកគួរទទួលទានល្ហុងទាំងពីរប្រភេទឆ្លាស់គ្នា ដើម្បីឱ្យរាងកាយទទួលបានតុល្យភាពទាំងប្រព័ន្ធរំលាយអាហារ និងការការពារជំងឺពីខាងក្នុងមកខាងក្រៅ៕