យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ការចៀនត្រីឱ្យស្រួយឆ្ងាញ់ និងមិនរបេះស្បែកជាប់ខ្ទះ លែងជាបញ្ហាលំបាកទៀតហើយ ដោយគ្រាន់តែប្រើប្រាស់ “ស្លឹកចេក” ដែលជាភស្តុភារធម្មជាតិដ៏ល្អ។ តាមបែបវិទ្យាសាស្ត្រធ្វើម្ហូប ស្រទាប់ក្រមួនស្តើងៗនៅលើស្លឹកចេក ដើរតួជាអ្នកខណ្ឌចែកមិនឱ្យស្បែកត្រីប៉ះផ្ទាល់ជាមួយបាតខ្ទះ ដែលជួយការពារការជាប់បានល្អជាងខ្ទះទំនើបមួយចំនួនទៅទៀត។ លើសពីនេះ វាក៏ជួយរក្សាសីតុណ្ហភាពឱ្យនៅថេរ និងផ្តល់ក្លិនឈ្ងុយដល់សាច់ត្រីថែមទៀតផង។
វិធីសាស្ត្រអនុវត្តគឺងាយស្រួលបំផុត ដោយដំបូងអ្នកត្រូវលាងត្រីឱ្យស្អាត រួចសម្រស់ឱ្យស្ងួតល្អ។ បន្ទាប់មក ដាំខ្ទះឱ្យក្តៅ រួចចាក់ប្រេងចូលឱ្យល្មម និងដាក់ស្លឹកចេក (ជ្រើសរើសស្លឹកដែលមិនខ្ចី ឬចាស់ពេក) ទៅលើប្រេងក្តៅនោះ ដោយផ្ងារផ្នែកខាងក្រោយឡើងលើដើម្បីទ្រសាច់ត្រី។ នៅពេលស្លឹកចេកចាប់ផ្តើមទន់ និងជាប់ទៅនឹងបាតខ្ទះ សឹមដាក់ត្រីពីលើ រួចចៀនដោយប្រើភ្លើងមធ្យមរហូតដល់ឆ្អិនមាសមួយចំហៀង ទើបប្រែទៅម្ខាងទៀត។ លទ្ធផលដែលទទួលបាន គឺត្រីចៀនដែលមានរូបរាងស្អាតឥតខ្ចោះ សាច់ខាងក្នុងទន់មានជាតិ ឯសំបកខាងក្រៅស្រួយឆ្ងាញ់ ថែមទាំងជួយកាត់បន្ថយការខ្ទាតប្រេងរញ៉េរញ៉ៃក្នុងផ្ទះបាយបានយ៉ាងប្រសើរ៕