យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការត្រាំបន្លែក្នុងទឹកអំបិលគឺជាទម្លាប់ទូទៅរបស់មេផ្ទះជាច្រើន ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ។ មូលហេតុចម្បងដែលទឹកអំបិលមានប្រសិទ្ធភាព គឺដោយសារវាបង្កើត “សម្ពាធអូស្មូទិក” ដែលជួយឱ្យធូលីដី ពងសត្វល្អិត និងបាក់តេរីមួយចំនួនរបេះចេញពីផ្ទៃបន្លែបានយ៉ាងងាយស្រួល។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរយល់ដឹងថា ទឹកអំបិលមិនមែនជា “ថ្នាំទិព្វ” ដែលអាចជម្រះជាតិពុល ឬថ្នាំសម្លាប់សត្វល្អិតដែលជ្រាបចូលជ្រៅក្នុងសាច់បន្លែបានទាំងស្រុងនោះទេ។
ក្បួនខ្នាតនៃការត្រាំបន្លែឱ្យមានសុវត្ថិភាព៖
- កម្រិតអំបិល និងទឹក៖ ប្រើអំបិលត្រឹមតែ ១-២ ស្លាបព្រាកាហ្វេ លាយជាមួយទឹក ១-២ លីត្រគឺគ្រប់គ្រាន់ហើយ។ ការប្រើអំបិលច្រើនពេកនឹងធ្វើឱ្យបន្លែស្វិត ជាំ និងបាត់បង់វីតាមីន។
- រយៈពេលត្រាំ៖ ពេលវេលាដែលល្អបំផុតគឺចន្លោះពី ៥ ទៅ ១០ នាទី។ ការត្រាំយូរពេកមិនត្រឹមតែមិនស្អាតជាងមុនទេ ថែមទាំងធ្វើឱ្យបន្លែបាត់បង់ជាតិស្រួយ និងសារធាតុចិញ្ចឹមទៀតផង។
- បច្ចេកទេសតាមប្រភេទបន្លែ៖ ចំពោះបន្លែស្លឹក គួរត្រាំក្នុងទឹកអំបិលពនលាយ រួចលាងទឹកស្អាតឡើងវិញ។ ចំពោះមើមការ៉ុត ឬដំឡូង គ្រាន់តែលាងទឹកដែលកំពុងហូរ និងបកសំបកចេញគឺគ្រប់គ្រាន់ហើយ។ ចំណែកឯប្រភេទជីរផ្សេងៗ គួរលាងឱ្យលឿនដើម្បីរក្សាក្លិនក្រអូប និងបង្ការការរលួយ។
ការយល់ដឹងពីរបៀបលាងបន្លែឱ្យបានត្រឹមត្រូវ មិនត្រឹមតែជួយឱ្យម្ហូបអាហារមានអនាម័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរក្សារសជាតិ និងគុណតម្លៃអាហារូបត្ថម្ភបានយ៉ាងល្អបំផុតសម្រាប់ក្រុមគ្រួសាររបស់អ្នក៕