យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការគេងមិនលក់ មិនមែនដោះស្រាយបានត្រឹមតែការប្រើថ្នាំបំប៉ននោះទេ បរិយាកាសក្នុងបន្ទប់គេងក៏ជាកត្តាសំខាន់បំផុត។ ដើម្បីឱ្យខួរក្បាល និងរាងកាយសម្រាកបានពេញលេញ អ្នកគួរចាប់ផ្តើមរៀបចំបន្ទប់តាមតិចនិកសាមញ្ញៗខាងក្រោមនេះ៖
ជាដំបូង ពន្លឺ និងសំឡេង គឺជាសត្រូវនៃដំណេក។ បន្ទប់គេងគួរតែងងឹតល្អ និងស្ងប់ស្ងាត់បំផុត ព្រោះភាពងងឹតជួយឱ្យរាងកាយបញ្ចេញជាតិមេឡាតូនីនដែលជួយឱ្យយើងងងុយគេង។ បន្ថែមពីនេះ សីតុណ្ហភាព និងពណ៌នៃបន្ទប់ ក៏សំខាន់ដែរ បន្ទប់ដែលត្រជាក់ល្មម និងមានពណ៌ស្រាលៗ (ដូចជាពណ៌ស ឬខៀវខ្ចី) នឹងជួយឱ្យអារម្មណ៍ធូរស្រាល និងឆាប់លក់ជាងមុន។
ម្យ៉ាងទៀត សណ្តាប់ធ្នាប់ និងសម្ភារៈគេង ក៏មិនអាចរំលងបានឡើយ។ បន្ទប់ដែលស្អាតគ្មានរប៉ាត់រប៉ាយ ជួយកាត់បន្ថយភាពតានតឹងក្នុងខួរក្បាល ចំណែកឯពូកដែលរឹងមាំល្មមជួយទ្រទ្រង់ឆ្អឹងខ្នង នឹងធ្វើឱ្យអ្នកគេងមិនចេះឈឺខ្លួន។ ចំណុចចុងក្រោយដែលសំខាន់បំផុតគឺ កុំយកការងារចូលបន្ទប់គេង! បន្ទប់គេងគួរតែជាកន្លែងសម្រាប់សម្រាកពិតប្រាកដ ជៀសវាងការដាក់កុំព្យូទ័រ ឬឯកសារការងារ ដែលធ្វើឱ្យខួរក្បាលមិនព្រមឈប់សម្រាក៕