អ្នកស្រាវជ្រាវជាច្រើនបានលើកឡើងថា ហានិភ័យនៃជំងឺមហារីកសុដន់អាចត្រូវបានថយចុះតាមរយៈការរក្សាបាននូវរបបអាហារសុខភាពល្អ ក៏ដូចជាទម្ងន់ត្រឹមត្រូវ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះហើយទើបការដកចេញ ឬរួមបញ្ចូលអាហារប្រភេទណាមួយក្នុងរបបអាហារប្រចាំថ្ងៃអាចបង្កើន និងទប់ស្កាត់ហានិភ័យនៃជំងឺដ៏កាចសាហាវនេះបាន។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលបង្កើនហានិភ័យនៃជំងឹ រួមទាំងអាហារដែលមានប្រសិទ្ធិភាពទប់ស្កាត់ជំងឺមហារីកសុដន់បានយ៉ាងប្រសើរ ៖
– អាហារដែលអ្នកគួរជៀសវាងច្រើន
១. ផលិតផលអាហារធ្វើឡើងពីទឹកដោះគោ
ដើម្បីរក្សាផលិតកម្ម ឬការផលិតឱ្យប្រសើរ ម្ចាស់កសិដ្ឋានភាគច្រើនប្រើប្រាស់សារធាតុគីមី និងអ័រម៉ូនគ្រប់ប្រភេទ។ សារធាតុគីមី rGBH គឺត្រូវបានប្រើជាទូទៅ ហើយទឹកដោះរបស់សត្វគោដែលមានផ្ទុកកម្រិតនៃសារធាតុគីមី rGBH ខ្ពស់ជាងអ័រម៉ូនផ្សេងទៀតនឹងបង្កឲ្យមានការលូតលាស់នៃអ័រម៉ូន IGF-1 ដែលផ្សារភ្ជាប់ទៅនឹងជំងឺមហារីកសុដន់។ ការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញថា កម្រិតខ្ពស់នៃអ័រម៉ូន IGF-1 បង្កើនហានិភ័យនៃជំងឺមហារីកសុដន់។
២. ខ្លាញ់
ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា រាល់ខ្លាញ់ទាំងអស់មិនមែនសុទ្ធតែផ្ដល់ផលអាក្រក់ចំពោះសុខភាពឡើយ។ ទោះជាយ៉ាងណា រាល់ជាតិខ្លាញ់ដែលចេញមកពីអាហារកែច្នៃ គឺតែងផ្សាភ្ជាប់នឹងហានិភ័យនៃជំងឺមហារីកសុដន់។ រីឯខ្លាញ់ដែលចេញមកពីបន្លែផ្លែឈើវិញ គឺជួយកាត់បន្ថយហានិភ័យនៃជំងឺបានយ៉ាងប្រសើរ។
៣. សាច់ក្រហម
សាច់ក្រហមអាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់គួរឱ្យកត់សម្គាល់ ជាពិសេសនៅពេលឆ្អិនខ្លាំង។ លើសពីនេះទៅទៀតសាច់កែច្នៃច្រើនមានផ្ទុកសម្បូរទៅដោយជាតិប្រៃ ឬអំបិល, ខ្លាញ់មិនល្អ និងសារធាតុរក្សាទុកបានយូរដែលសុទ្ធសឹងតែអាចបង្កហានិភ័យនៃជំងឺមហារីក ក៏ដូចជាបញ្ហាសុខភាពផ្សេងៗទៀត។
៤. អាហារផ្អែម
យោងតាមទស្សនាវរដ្ដីសារព័ត៌មានស្ដីពីមូលហេតុបង្ក និងការគ្របគ្រងជំងឺមហារីកបានឲ្យដឹងថា ស្ត្រីដែលទទួលទានអាហារ ក៏ដូចជាភេសជ្ជៈមានផ្ទុកជាតិផ្អែមខ្លាំងច្រើន គឺងាយនឹងទទួលរងហានិភ័យនៃជំងឺមហារីកសុដន់ដល់ទៅ ២៧ ភាគរយឯណោះ បើប្រៀបធៀបជាមួយស្ត្រីដែលមិនសូវទទួលទានអាហារ និងភេសជ្ជៈមានផ្ទុកជាតិផ្អែមខ្ពស់។ ជាតិផ្អែមកែច្នៃបង្កើនកម្រិតជាតិស្ករក្នុងឈាមដែលបង្ខំឲ្យរាងកាយបញ្ចេញអាំងស៊ុយលីន។ អាំងស៊ុយលីននេះជម្រុញឲ្យកោសិកាមហារីកលូតលាស់ ហើយក៏បង្កើនកម្រិតនៃអ័រម៉ូន estrogen ដែលអាចបង្កការវិវត្តនៃជំងឺមហារីកសុដន់។
៥. ប្រេងបន្លែ
ប្រេងឆា ឬប្រេងបន្លែ គឺមានផ្ទុកនូវជាតិខ្លាញ់មិនល្អខ្ពស់ដែលជម្រុញបង្កើនហានិភ័យនៃជំងឺមហារីកគួរឲ្យព្រួយបារម្ភ។
– អាហារដែលអ្នកគួរទទួលទានដើម្បីទប់ស្កាត់ជំងឺមហារីក
១. ផ្កាខាត់ណា
បន្លែនេះមានផ្ទុកសម្បូរទៅដោយសារធាតុ phytonutrients ដែលទប់ស្កាត់ការរាលដាលនៃជំងឺមហារីក និងបញ្ឈប់កោសិកាមហារីកមិនឱ្យលូតលាស់ឡើង។ លើសពីនេះទៅទៀត សារធាតុ phytonutrients ក៏ជួយរាងកាយក្នុងការផលិតអ័រម៉ូនអេស្ត្រូសែនត្រឹមត្រូវទប់ស្កាត់
ហានិភ័យនៃជំងឺមហារីកសុដន់ផងដែរ។
២. ត្រីសម្បូរខ្លាញ់
ត្រីប្រភេទនេះជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយកាត់បន្ថយការរលាកក្នុងរាងកាយ។ ហើយអ្នកសិក្សាស្រាវជ្រាវជាច្រើនជឿថា ការរលាកក្នុងរាងកាយរ៉ាំរ៉ៃបង្កើនហានិភ័យនៃជំងឺមហារីកសុដន់។
៣. ប្រេងអូលីវ
មានផ្ទុកសម្បូរទៅដោយសារធាតុ phytonutrients និងសារធាតុប្រឆាំងអុកស៊ីតកម្ម រួមបញ្ចូលទាំង squalene ដែលរារាំងការលូតលាស់នៃដុំសាច់មហារីក។
៤. ដំឡូងផ្អែម
ជាប្រភពដ៏ប្រសើរនៃសារធាតុ carotenoids ហៅថា beta-carotene មានឥទ្ធិពលកាត់បន្ថយទប់ស្កាត់ហានិភ័យនៃជំងឺមហារីកសុដន់។
៥. ប៉េងប៉ោះ
មានផ្ទុកសម្បូរទៅដោយសារធាតុ lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលទប់ស្កាត់ប្រឆាំងនឹងជំងឺមហារីកសុដន់ដោយរារាំងការលូតលាស់នៃកោសិកាមហារីក៕