យោងតាមការចុះផ្សាយរបស់សារព័ត៌មានសុខភាពបានឱ្យដឹងថា តៅហ៊ូ មិនត្រឹមតែជាអាហារដ៏ពេញនិយមសម្រាប់អ្នកទទួលទានបួសប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាប្រភពប្រូតេអ៊ីនដ៏ល្អមួយសម្រាប់មនុស្សគ្រប់គ្នា។ ក្នុងចំណោមប្រភេទតៅហ៊ូទាំងអស់ សំបកតៅហ៊ូមានកម្រិតប្រូតេអ៊ីនខ្ពស់បំផុត បន្ទាប់មកគឺតៅហ៊ូរឹង និងតៅហ៊ូទន់ ដែលសុទ្ធសឹងតែផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់រាងកាយ។ ការទទួលទានតៅហ៊ូជាប្រចាំ ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ និងកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងបានយ៉ាងមានប្រសិទ្ធភាព។
លើសពីនេះ តៅហ៊ូគឺជាមិត្តដ៏ល្អសម្រាប់អ្នកដែលចង់រក្សារាង ឬគ្រប់គ្រងទម្ងន់ ព្រោះវាមានជាតិខ្លាញ់ និងកាឡូរីទាបបំផុត។ អ្វីដែលកាន់តែពិសេសនោះ គឺសារធាតុ Phytochemicals និង Isoflavones ដែលមាននៅក្នុងតៅហ៊ូ មានសមត្ថភាពជួយទប់ស្កាត់ និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកសាហាវៗមួយចំនួន ដូចជាមហារីកសុដន់ មហារីកពោះវៀនធំ និងមហារីកក្រពះជាដើម។ ការបន្ថែមតៅហ៊ូទៅក្នុងរបបអាហារប្រចាំថ្ងៃ គឺជាជម្រើសដ៏វៃឆ្លាតដើម្បីសុខភាពមាំមួន និងរាងកាយស្វែលស្អាត៕