យោងតាមការចុះផ្សាយរបស់សារព័ត៌មានសុខភាពបានឱ្យដឹងថា ក្លិនទឹកនោមខ្លាំង ឬខុសប្លែកពីធម្មតា អាចជាសារដាស់តឿនពីបញ្ហាសុខភាពផ្ទៃក្នុងដែលយើងគួរយកចិត្តទុកដាក់។
មូលហេតុចម្បងមួយគឺការឆ្លងមេរោគក្នុងប្រព័ន្ធទឹកនោម ដែលបណ្តាលមកពីបាក់តេរីបង្កឱ្យមានក្លិនមិនល្អ។ ជាមួយគ្នានេះ កម្រិតជាតិស្ករក្នុងឈាមខ្ពស់ខ្លាំងចំពោះអ្នកជំងឺទឹកនោមផ្អែម ក៏អាចធ្វើឱ្យទឹកនោមមានក្លិនផ្អែមឆួលខុសពីធម្មតាផងដែរ។ ចំណែកឯបញ្ហាពាក់ព័ន្ធនឹងមុខងារថ្លើម ក៏ជាកត្តាបង្កឱ្យមានការប្រមូលផ្តុំសារធាតុមិនល្អ ដែលនាំឱ្យទឹកនោមមានក្លិនឆួលខ្លាំង។
ក្រៅពីជំងឺទូទៅទាំងនេះ ស្ថានភាពកម្រមួយចំនួនដូចជាការលេចធ្លាយរវាងប្លោកនោមទៅកាន់ពោះវៀន ឬទ្វារមាស ក៏អាចជាដើមហេតុនៃក្លិនស្អុយខ្លាំងបានដែរ។ បន្ថែមពីនេះ ជំងឺតំណពូជដែលធ្វើឱ្យរាងកាយមិនអាចរំលាយអាស៊ីតអាមីណូបានពេញលេញ ក៏អាចបន្សល់នូវសារធាតុដែលបង្កជាក្លិនឆ្អេះ ឬក្លិនប្រហាក់ប្រហែលនឹងទឹកស៊ីរ៉ូនៅក្នុងទឹកនោម។ ការសង្កេតមើលបម្រែបម្រួលនៃក្លិនទឹកនោម គឺជាវិធីសាស្ត្រងាយៗមួយក្នុងការតាមដានសុខភាព ដើម្បីស្វែងរកការពិគ្រោះជាមួយគ្រូពេទ្យឱ្យបានទាន់ពេលវេលា៕