យោងតាមការចុះផ្សាយរបស់សារព័ត៌មានសុខភាពបានឱ្យដឹងថា ខ្ទឹមបារាំងគឺជាបន្លែគ្រឿងទេសដ៏ល្អមួយក្នុងការជួយការពាររាងកាយពីជំងឺកាចសាហាវ ជាពិសេសគឺជំងឺមហារីក។ នៅក្នុងខ្ទឹមបារាំងសម្បូរទៅដោយសមាសធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ជាពិសេសគឺសារធាតុ Quercetin និងសមាសធាតុស៊ុលហ្វួរ ដែលដើរតួនាទីយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការកកើតរ៉ាឌីកាល់សេរី។ រ៉ាឌីកាល់សេរីទាំងនេះគឺជាមូលហេតុចម្បងដែលបង្កឱ្យមានការខូចខាតដល់កោសិកា និង DNA ដែលនាំឱ្យមានការវិវឌ្ឍទៅជាកោសិកាមហារីក។ ការទទួលទានខ្ទឹមបារាំងជាប្រចាំ ជួយឱ្យរាងកាយកាត់បន្ថយការរលាក និងពង្រឹងប្រព័ន្ធការពារឱ្យកាន់តែរឹងមាំក្នុងការទប់ស្កាត់ដុំសាច់មិនប្រក្រតី។
ចំពោះរបៀបប្រើប្រាស់ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាសម្រាប់បង្ការជំងឺមហារីក អ្នកជំនាញណែនាំឱ្យទទួលទានខ្ទឹមបារាំងដែលនៅស្រស់ ឬចម្អិនក្នុងរយៈពេលខ្លី។ វិធីសាស្ត្រដែលល្អបំផុតគឺការហាន់ខ្ទឹមបារាំងជាចំណិតៗ រួចទុកចោលប្រហែល ១០ នាទីមុននឹងយកទៅញ៉ាំ ឬចម្អិន ដើម្បីឱ្យសារធាតុមានប្រយោជន៍បានបញ្ចេញសកម្មភាពពេញលេញ។ អ្នកអាចយកខ្ទឹមបារាំងទៅធ្វើជាគ្រឿងផ្សំនៅក្នុងសាឡាដបន្លែ ញាំ ឬដាក់ក្នុងសាំងវិច។ សម្រាប់អ្នកដែលចូលចិត្តញ៉ាំឆ្អិន ការយកវាទៅធ្វើជាស៊ុប ឬឆាដោយប្រើកម្ដៅល្មម និងមិនប្រើប្រាស់ខ្លាញ់ច្រើន គឺជាជម្រើសដ៏ល្អបំផុត។ ការទទួលទានខ្ទឹមបារាំងត្រឹមតែកន្លះមើមជារៀងរាល់ថ្ងៃ មិនត្រឹមតែជួយការពារមហារីកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់សុខភាពបេះដូង និងកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមផងដែរ៕