យោងតាមការចុះផ្សាយរបស់សារព័ត៌មានសុខភាពបានឱ្យដឹងថា មើមឈូកគឺជាអាហារឱសថដ៏ល្អមួយ ដែលមានសមត្ថភាពខ្ពស់ក្នុងការថែរក្សាសុខភាពសរសៃឈាម និងប្រព័ន្ធមេតាប៉ូលីស។ នៅក្នុងមើមឈូកសម្បូរទៅដោយជាតិសរសៃខ្ពស់បំផុត និងសមាសធាតុប៉ូលីហ្វេណុល ដែលដើរតួនាទីយ៉ាងសកម្មក្នុងការជួយកាត់បន្ថយការស្រូបយកជាតិខ្លាញ់អាក្រក់ និងជាតិស្ករចូលទៅក្នុងចរន្តឈាម។ ការទទួលទានមើមឈូកជាប្រចាំ មិនត្រឹមតែជួយកម្ចាត់កូឡេស្តេរ៉ូលដែលកកស្ទះក្នុងជញ្ជាំងសរសៃឈាមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយជម្រុញឱ្យអាំងស៊ុយលីនដំណើរការបានល្អ ដែលជាកត្តាសំខាន់បំផុតក្នុងការទប់ស្កាត់ជំងឺទឹកនោមផ្អែម និងបញ្ហាលើសឈាម ធ្វើឱ្យរាងកាយទាំងមូលមានភាពស្រស់ថ្លា និងមានថាមពល។
ចំពោះរបៀបប្រើប្រាស់ដើម្បីទាញយកអត្ថប្រយោជន៍មកបញ្ចុះជាតិខ្លាញ់ និងជាតិស្ករក្នុងឈាម អ្នកជំនាញណែនាំឱ្យបញ្ចូលមើមឈូកទៅក្នុងរបបអាហារប្រចាំថ្ងៃតាមវិធីសាស្ត្រចម្អិនឱ្យបានត្រឹមត្រូវ។ វិធីដែលល្អបំផុតគឺការយកមើមឈូកស្រស់មកចិតជាចំណិតស្តើងៗ រួចយកទៅស្ងោរធ្វើជាស៊ុបជាមួយឆ្អឹងជំនីជ្រូក ឬស្លម្ជូរគ្រឿង ដែលការចម្អិនបែបនេះជួយឱ្យរាងកាយស្រូបយកវីតាមីន និងជាតិរ៉ែបានយ៉ាងពេញលេញ។ ក្រៅពីនេះ អ្នកក៏អាចយកមើមឈូកទៅហាន់ជាចំណិតស្តើងៗ រួចដាក់ដាំជាមួយទឹកស្អាតធ្វើជា “ទឹកតែមើមឈូក” សម្រាប់ទទួលទានក្ដៅឧណ្ហៗជារៀងរាល់ព្រឹក ឬក្រោយពេលបាយ ដើម្បីជួយសម្រួលដល់ការរំលាយអាហារ និងបន្សាបជាតិខ្លាញ់ចេញពីក្នុងពោះវៀន។ ការទទួលទានមើមឈូកដែលចម្អិនដោយការស្ងោរ ឬចំហុយ ជាជាងការបំពងខ្លាញ់ គឺជាជម្រើសដ៏ឆ្លាតវៃបំផុតសម្រាប់អ្នកដែលចង់ថែរក្សារាងឱ្យស្លីមស្អាត និងមានសុខភាពបេះដូងរឹងមាំ៕