ការចាប់ផ្តើមពេលព្រឹកបានល្អ គឺជាគ្រឹះដ៏សំខាន់សម្រាប់សុខភាពរាងកាយ និងស្មារតីពេញមួយថ្ងៃ ។ ខាងក្រោមនេះ គឺជាទម្លាប់ល្អៗដែលអ្នកគួរអនុវត្តបន្ទាប់ពីភ្ញាក់ពីគេង ៖
១. កុំអាលស្ទុះងើបភ្លាមៗ (ពត់ខ្លួនសិន)
នៅពេលភ្ញាក់ពីគេង កុំអាលងើបឈរភ្លាមៗពេក ។ គួរចំណាយពេល ១-២ នាទី ពត់ខ្លួនយឺតៗ នៅលើគ្រែ ដើម្បីឱ្យសាច់ដុំ និងរបត់ឈាមចាប់ផ្តើមដំណើរការបានស្រួល ការពារការវិលមុខ ឬចុករោយ។
២. ផឹកទឹកក្ដៅឧណ្ហៗ ១ កែវ
នេះជាចំណុចសំខាន់បំផុត។ ការផឹកទឹកនៅពេលពោះទទេជួយ៖
–បញ្ចុះកម្តៅក្នុងខ្លួន និងជម្រះជាតិពុលពីក្នុងពោះវៀន។
-ដាស់ប្រព័ន្ធរំលាយអាហារឱ្យចាប់ផ្តើមធ្វើការ។
-ធ្វើឱ្យស្បែកមានសំណើម និងស្រស់ថ្លា ។
៣. បើកបង្អួចឱ្យពន្លឺ និងខ្យល់ចេញចូល
ពន្លឺព្រះអាទិត្យពេលព្រឹកជួយឱ្យរាងកាយផលិត វីតាមីន D និងជួយកាត់បន្ថយអ័រម៉ូនដែលធ្វើឱ្យងងុយគេង (Melatonin) ធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងមានកម្លាំង។
៤. អនាម័យមាត់ធ្មេញ និងលាងមុខ
ការដុសធ្មេញ និងលាងមុខដោយទឹកត្រជាក់ ជួយឱ្យស្មារតីភ្ញាក់រលឹកបានលឿន និងមានអារម្មណ៍ស្អាតបាតមុននឹងចាប់ផ្តើមការងារផ្សេងៗ។
៥. ហាត់ប្រាណស្រាលៗ ១០-១៥ នាទី
អ្នកមិនចាំបាច់ទៅកន្លែងហាត់ប្រាណធំដុំទេ គ្រាន់តែ ដើរតិចៗ ធ្វើចលនាយូហ្គា (Yoga) ឬហាត់ពត់ខ្លួនងាយៗ ក៏អាចជួយឱ្យបេះដូងដើរស្រួល និងកាត់បន្ថយភាពតានតឹងបានដែរ។
៦. កុំអាលប៉ះទូរស័ព្ទ
ព្យាយាមកុំមើលទូរស័ព្ទក្នុងរយៈពេល៣០ នាទីដំបូង ។ ការមើលព័ត៌មាន ឬការងារភ្លាមៗ អាចធ្វើឱ្យខួរក្បាលទទួលសម្ពាធ និងភាពតានតឹង (Stress) តាំងពីព្រលឹម ។
៧. ញ៉ាំអាហារពេលព្រឹកដែលមានជីវជាតិ
អាហារពេលព្រឹកគឺជា ប្រេងឥន្ធនៈរបស់ខួរក្បាល ។ គួរជ្រើសរើសអាហារដែលមាន ៖
-ស៊ុត, គ្រាប់ធញ្ញជាតិ, ឬផ្លែឈើ។
-ចៀសវាងអាហារដែលមានជាតិស្ករខ្លាំងពេក ដែលនាំឱ្យអស់កម្លាំងទៅវិញនៅពេលថ្ងៃត្រង់។