ការអត់អាហារពេលល្ងាច ជាទម្លាប់ដែលមនុស្សជាច្រើនអនុវត្ត ដើម្បីសម្រកទម្ងន់ ប៉ុន្តែប្រសិនបើធ្វើមិនបានត្រឹមត្រូវ ឬអត់ទាំងស្រុង ដោយគ្មានការណែនាំពីអ្នកជំនាញ វាអាចបង្កផលប៉ះពាល់អវិជ្ជមានជាច្រើនដល់សុខភាព ៖
១. ប៉ះពាល់ដល់ការគេង
នៅពេលអ្នកចូលគេងទាំងពោះទទេ រាងកាយនឹងមានអារម្មណ៍ឃ្លាន ដែលធ្វើឱ្យខួរក្បាលនៅស្វាង ពិបាកនឹងគេងលក់ ឬគេងលក់មិនស្កប់។ ការគេងមិនគ្រប់គ្រាន់នឹងធ្វើឱ្យអ្នកអស់កម្លាំង និងស្ពឹកស្រពន់នៅព្រឹកបន្ទាប់។
២. ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ
ការទុកពោះឱ្យទំនេរយូរពេក អាចធ្វើឱ្យជាតិអាស៊ីតក្នុងក្រពះកើនឡើង ដែលបង្កឱ្យមានបញ្ហា៖
-ឈឺក្រពះ ឬដំបៅក្រពះ៖ អាស៊ីតកិនច្រោះភ្នាសក្រពះនៅពេលគ្មានអាហារ។
-ចាលអាស៊ីតក្រពះ: ធ្វើឱ្យក្រហាយទ្រូង និងពិបាកក្នុងបំពង់ក។
៣. បាត់បង់ម៉ាសសាច់ដុំ
នៅពេលរាងកាយខ្វះថាមពលពីអាហារ វានឹងចាប់ផ្ដើមទាញយកថាមពលបម្រុងពីសាច់ដុំមកប្រើប្រាស់ជំនួសវិញ ។ ការណ៍នេះធ្វើឱ្យសាច់ដុំរបស់អ្នកទន់ខ្សោយ និងយារធ្លាក់ ទោះបីជាទម្ងន់ថយចុះក៏ដោយ។
៤. បញ្ហាផ្លូវចិត្ត និងអារម្មណ៍
កម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះ (Low Blood Sugar) ធ្វើឱ្យប៉ះពាល់ដល់សារធាតុគីមីក្នុងខួរក្បាល ដែលនាំឱ្យអ្នក៖
-ឆាប់ខឹង មួរម៉ៅ ឬមួម៉ៅដោយគ្មានមូលហេតុ។
-ពិបាកផ្ដោតអារម្មណ៍ ឬវង្វេងវង្វាន់។
-មានអារម្មណ៍ស្រ្តេស និងថប់បារម្ភ។
៥. បង្កឱ្យមានការញ៉ាំច្រើនហួសប្រមាណ
ការអត់អាហារពេលល្ងាច នឹងធ្វើឱ្យអ្នកមានអារម្មណ៍ឃ្លានខ្លាំងនៅព្រឹកស្អែក ។ ជាលទ្ធផល អ្នកនឹងញ៉ាំអាហារពេលព្រឹក ឬពេលថ្ងៃត្រង់ច្រើនហួសប្រមាណ ដែលអាចបណ្តាលឱ្យឡើងទម្ងន់វិញកាន់តែលឿន (Yoyo Effect)។
៦. ប៉ះពាល់ដល់អ័រម៉ូន
ចំពោះស្ត្រី ការអត់អាហារពេលល្ងាចយូរអង្វែងអាចប៉ះពាល់ដល់វដ្តរដូវ និងតុល្យភាពអ័រម៉ូនក្នុងរាងកាយ។