យោងតាមការចុះផ្សាយរបស់សារព័ត៌មានសុខភាពបានឱ្យដឹងថា ផ្កាអង្គាដីគឺជាប្រភពដ៏សម្បូរបែបនៃវីតាមីន C ដែលចាំបាច់បំផុតសម្រាប់សុខភាពបេះដូង និងសរសៃឈាម។ វីតាមីន C នៅក្នុងផ្កាអង្គាដីមានសមត្ថភាពជួយកាត់បន្ថយហានិភ័យនៃបញ្ហាសម្ពាធឈាមឡើងខ្ពស់ និងដើរតួជាអ្នកការពារសរសៃឈាមមិនឱ្យឆាប់ឡើងរឹង ឬស្ទះ។
ការទទួលទានផ្កាអង្គាដីមិនត្រឹមតែជួយរក្សាភាពបត់បែននៃសរសៃឈាមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយទប់ស្កាត់ការបំផ្លាញពីសំណាក់កូឡេស្តេរ៉ូលអាក្រក់ផងដែរ ខណៈដែលការសិក្សាបានបញ្ជាក់ថា អ្នកដែលខ្វះវីតាមីន C ងាយប្រឈមនឹងជំងឺកាចសាហាវដូចជា គាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និងជំងឺត្បៀតសរសៃឈាមជើងជាដើម។
ចំពោះរបៀបប្រើប្រាស់ដើម្បីទាញយកអត្ថប្រយោជន៍មកថែរក្សាសរសៃឈាម និងបញ្ចុះសម្ពាធឈាម អ្នកអាចអនុវត្តតាមវិធីសាមញ្ញៗជាច្រើន។ វិធីទីមួយគឺការឆុងជាទឹកតែ ដោយយកផ្កាអង្គាដីស្រស់ ឬហាលស្ងួតក្នុងម្លប់ឱ្យស្រពាប់បន្តិចចំនួនមួយក្ដាប់តូច លាងសម្អាតឱ្យស្អាត រួចដាក់ឆុងជាមួយទឹកក្ដៅពុះទុកចោលប្រហែល ៥ ទៅ ១០ នាទី សឹមទទួលទានទឹកនោះនៅពេលព្រឹក ឬល្ងាច ដើម្បីជំរុញវីតាមីន C ចូលទៅក្នុងឈាមបានយ៉ាងលឿន។ វិធីទីពីរគឺការប្រើប្រាស់ក្នុងមុខម្ហូប ដោយយកផ្កាអង្គាដីដែលមិនទាន់រីកខ្លាំងមកធ្វើជាអន្លក់ស្រុះ ឬយកទៅញាំជាមួយសាច់មាន់ និងបន្លែផ្សេងៗ ដែលជួយឱ្យរាងកាយទទួលបានជាតិសរសៃ និងវីតាមីនពីផ្កាដោយផ្ទាល់។ ក្រៅពីនេះ តាមបែបបុរាណគេក៏អាចយកផ្កាអង្គាដីទៅត្រាំជាមួយស្រាសក្នុងបរិមាណសមល្មម ដើម្បីទុកទទួលទានមួយកែវតូចមុនពេលបាយ ដែលវាមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយសម្រួលចរន្តឈាម និងបញ្ចុះសម្ពាធឈាមឱ្យមានស្ថិរភាពល្អ៕