យោងតាមការចុះផ្សាយរបស់សារព័ត៌មានសុខភាពបានឱ្យដឹងថា ស្ពៃបូកគោគឺជាបន្លែដ៏ល្អប្រសើរមួយសម្រាប់ជួយសម្រួលដល់ការរំលាយអាហារ និងថែរក្សាសុខភាពក្រពះពោះវៀនឱ្យមានតុល្យភាព។
លក្ខណៈពិសេសដែលធ្វើឱ្យស្ពៃបូកគោខុសប្លែកពីបន្លែដទៃ គឺសមត្ថភាពក្នុងការបង្កើតសារធាតុប្រូបាយអូទិច នៅពេលដែលវាត្រូវបានគេយកទៅធ្វើជាអាហារផ្អាប់ ឬជ្រក់ ដែលដំណើរការនេះបង្កើតបានជាបាក់តេរីល្អៗមានឈ្មោះថា Lactobacillus។ បាក់តេរីប្រភេទនេះគឺជាអ្វីដែលរាងកាយត្រូវការបំផុត ដើម្បីរក្សាតុល្យភាពបាក់តេរីក្នុងពោះវៀន ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានយ៉ាងរលូន និងពង្រឹងប្រព័ន្ធភាពស៊ាំការពាររាងកាយពីជំងឺផ្សេងៗ។
ចំពោះរបៀបប្រើប្រាស់ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាសម្រាប់ក្រពះពោះវៀន អ្នកជំនាញណែនាំឱ្យទទួលទានស្ពៃបូកគោទាំងក្នុងទម្រង់ស្រស់ និងការចម្អិនឱ្យបានត្រឹមត្រូវ។ វិធីសាស្ត្រដែលផ្ដល់អត្ថប្រយោជន៍ខ្ពស់បំផុតដល់ពោះវៀន គឺការធ្វើជាជ្រក់ស្ពៃ ឬគីមឈី (តាមបែបកូរ៉េ) ព្រោះវាសម្បូរទៅដោយបាក់តេរីមានជីវិតដែលជួយដល់ការរំលាយអាហារ។ ក្រៅពីនេះ អ្នកក៏អាចយកស្ពៃបូកគោស្រស់ទៅស្លម្ជូរគ្រឿង ស្លប្រហើរ ឬឆាជាមួយសាច់គោ និងគ្រឿងសមុទ្រ ដែលវិធីនេះជួយឱ្យអ្នកទទួលបានជាតិសរសៃយ៉ាងច្រើនសម្រាប់ការពារអាការទល់លាមក។ ការទទួលទានស្ពៃបូកគោជារៀងរាល់ថ្ងៃ មិនត្រឹមតែជួយឱ្យពោះវៀនស្អាតល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យស្បែកមានភាពស្រស់ថ្លា និងជួយឱ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមពីអាហារដទៃទៀតបានកាន់តែប្រសើរ៕