យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឱ្យដឹងថា សណ្តែកបណ្តុះដែលយើងតែងតែញ៉ាំជាប្រចាំ គឺជាប្រភពនៃសមាសធាតុដ៏អស្ចារ្យក្នុងការជួយការពារ និងព្យាបាលជំងឺលើសឈាម។ អាថ៌កំបាំងដែលធ្វើឱ្យសណ្តែកបណ្តុះមានសមត្ថភាពខ្ពស់បែបនេះ គឺដោយសារវត្តមានប្រូតេអ៊ីនម្យ៉ាងដែលហៅថា Peptides។ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា នៅពេលដែលគ្រាប់សណ្តែកចាប់ផ្តើមចេញពន្លក កំហាប់សារធាតុ Peptides នឹងកើនឡើងខ្ពស់បំផុត ដែលសារធាតុនេះមាននាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់សរសៃឈាម និងកាត់បន្ថយសម្ពាធឈាមឱ្យត្រឡប់មកសភាពធម្មតាវិញ ដូចដែលបានបង្ហាញនៅក្នុងលទ្ធផលនៃការសិក្សាស្រាវជ្រាវជាច្រើន។
ដើម្បីទាញយកអត្ថប្រយោជន៍ពីសណ្តែកបណ្តុះមកដោះស្រាយបញ្ហាលើសឈាម អ្នកជំនាញណែនាំឱ្យទទួលទានវាឱ្យបានត្រឹមត្រូវ។ វិធីដែលល្អបំផុតគឺការទទួលទានសណ្តែកបណ្តុះដែលនៅស្រស់ ឬចម្អិនដោយការស្រុះទឹកក្ដៅត្រឹមរយៈពេលខ្លីបំផុត (ប្រហែល ៣០ វិនាទីទៅ ១ នាទី) ដើម្បីរក្សាសារធាតុ Peptides និងវីតាមីនឱ្យនៅគង់វង្ស។ អ្នកអាចយកវាទៅធ្វើជាអន្លក់ស្រស់ ដាក់ក្នុងញាំ ឬបន្ថែមក្នុងស៊ុបបន្លែ។ ការទទួលទានសណ្តែកបណ្តុះជាប្រចាំ អមជាមួយរបបអាហារដែលមានជាតិប្រៃតិច មិនត្រឹមតែជួយឱ្យសម្ពាធឈាមមានស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងសុខភាពបេះដូង និងសរសៃឈាមរបស់អ្នកឱ្យកាន់តែមាំមួនទៀតផង៕