យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស និងការចែករំលែកបទពិសោធថែរក្សាសម្ផស្សបែបធម្មជាតិបានឱ្យដឹងថា ផ្កាកំប្លោកដែលដុះលើផ្ទៃទឹកមិនត្រឹមតែមានសម្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគ្រឿងផ្សំដ៏វិសេសវិសាលសម្រាប់យកមកធ្វើជាសាប៊ូកក់សក់។ ផ្កាកំប្លោកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយពង្រឹងឫសសក់ឱ្យរឹងមាំ កាត់បន្ថយការដាច់រហែក និងផ្តល់នូវសំណើមយ៉ាងជ្រៅដល់សរសៃសក់។ នៅពេលដែលអ្នកយកផ្កាកំប្លោកមកផ្សំជាមួយប្រេងអាល់ម៉ុនវានឹងក្លាយជាឱសថធម្មជាតិដែលធ្វើឱ្យសក់របស់អ្នកប្រែជាទន់រលោង មានទម្ងន់ និងភ្លឺរលោងចែងចាំងចេញពីខាងក្នុងដោយមិនចាំបាច់ប្រើសារធាតុគីមី។
ដើម្បីទទួលបានសក់ស្អាតដូចបំណង អ្នកអាចអនុវត្តតាមវិធីធ្វើសាប៊ូកក់សក់ធម្មជាតិពីផ្កាកំប្លោកយ៉ាងសាមញ្ញដូចខាងក្រោម៖
- ការត្រៀមគ្រឿងផ្សំ៖ រៀបចំផ្កាកំប្លោកស្រស់ដែលលាងសម្អាតឱ្យស្អាតមួយក្ដាប់ធំ និងប្រេងអាល់ម៉ុនចំនួន ២ ទៅ ៣ ស្លាបព្រាបាយ។
- វិធីធ្វើ៖ យកផ្កាកំប្លោកទៅកិន ឬបុកឱ្យម៉ដ្ឋ រួចច្រោះយកតែទឹករបស់វា។ បន្ទាប់មក យកទឹកផ្កាកំប្លោកដែលច្រោះរួច មកលាយជាមួយប្រេងអាល់ម៉ុន ហើយកូរឱ្យសព្វល្អរហូតក្លាយជាល្បាយតែមួយ។
- របៀបប្រើប្រាស់៖ យកល្បាយដែលលាយរួចមកលាបលើសក់ និងស្បែកក្បាល រួចធ្វើការម៉ាស្សាថ្នមៗឱ្យសព្វរយៈពេល ៥ ទៅ ១០ នាទី ដើម្បីឱ្យសារធាតុចិញ្ចឹមជ្រាបចូលទៅក្នុងឫសសក់។ បន្ទាប់មក ទុកចោលប្រហែល ១៥ នាទីទៀត ទើបលាងសម្អាតចេញជាមួយទឹកស្អាត។
ការអនុវត្តវិធីនេះជាទៀងទាត់ ១ ទៅ ២ ដងក្នុងមួយសប្តាហ៍ នឹងជួយឱ្យអ្នកទទួលបានសក់ដែលរឹងមាំ ភ្លឺរលោង និងមានសុខភាពល្អតាមបែបធម្មជាតិយ៉ាងពិតប្រាកដ៕