យោងតាមការចុះផ្សាយរបស់សារព័ត៌មានសុខភាពបរទេសបានឱ្យដឹងថា ជាតិហឹររបស់ម្ទេសមិនត្រឹមតែជួយបង្កើនរសជាតិម្ហូបឱ្យកាន់តែឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាឱសថដ៏ពូកែក្នុងការបន្សាបជាតិពុល ចេញពីរាងកាយ។ ម្ទេសសម្បូរទៅដោយសារធាតុ Capsaicin ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តេញកាកសំណល់ និងជាតិពុលដែលកកស្ទះក្នុងឈាម និងជាលិកា ចេញមកក្រៅតាមរយៈញើស និងការបន្ទោបង់។ លើសពីនេះ ម្ទេសក៏ជួយជំរុញការផ្គត់ផ្គង់សារធាតុចិញ្ចឹមទៅកាន់កោសិកា និងជួយសម្អាតប្រព័ន្ធក្រពះពោះវៀនឱ្យមានភាពស្អាតល្អ តាមរយៈការបង្កើនល្បឿននៃដំណើរការរំលាយអាហារឱ្យកាន់តែមានប្រសិទ្ធភាព។
ដើម្បីទាញយកអត្ថប្រយោជន៍ពីម្ទេសមកជួយបន្សាបជាតិពុល និងសម្អាតរាងកាយ អ្នកអាចអនុវត្តតាមរបៀបប្រើប្រាស់ ឬការញ៉ាំដូចខាងក្រោម៖
- ការញ៉ាំក្នុងរបបអាហារប្រចាំថ្ងៃ៖ អ្នកអាចបន្ថែមម្ទេសស្រស់ទៅក្នុងមុខម្ហូបដូចជា ញាំ សាឡាត់ ឬទឹកជ្រលក់ផ្សេងៗ។ ការញ៉ាំម្ទេសស្រស់ក្នុងបរិមាណសមល្មម (មិនហឹរខ្លាំងពេក) ជួយឱ្យរាងកាយទទួលបានវីតាមីន C និងសារធាតុ Capsaicin បានពេញលេញ។
- រូបមន្តភេសជ្ជៈបន្សាបជាតិពុល: សម្រាប់អ្នកដែលចង់លាងសម្អាតជាតិពុលឱ្យកាន់តែជ្រៅ អ្នកអាចប្រើម្សៅម្ទេស មួយចុងស្លាបព្រាកាហ្វេ លាយជាមួយទឹកក្ដៅឧណ្ហៗ ១ កែវ បន្ថែមទឹកក្រូចឆ្មារ និងទឹកឃ្មុំបន្តិច។ ការផឹកភេសជ្ជៈនេះនៅពេលព្រឹក នឹងជួយជំរុញការដុតរំលាយអាហារ និងបណ្ដេញជាតិពុលបានយ៉ាងអស្ចារ្យ។
- ការប្រុងប្រយ័ត្ន៖ អ្នកដែលមានបញ្ហាក្រពះរ៉ាំរ៉ៃ ឬដំបៅក្រពះ គួរចៀសវាងការញ៉ាំម្ទេសហឹរខ្លាំង និងគួរពិគ្រោះជាមួយអ្នកជំនាញជាមុន៕