យោងតាមការចុះផ្សាយរបស់សារព័ត៌មានសុខភាព និងក្បួនខ្នាតឱសថបុរាណបានឱ្យដឹងថា មើមខ្ជាយគឺជាកំពូលរុក្ខជាតិឱសថដែលមានសមត្ថភាពយ៉ាងអស្ចារ្យក្នុងការថែរក្សាសុខភាពផ្ទៃក្នុង។
នៅក្នុងមើមខ្ជាយសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលជួយការពារកោសិកាក្នុងរាងកាយពីការបំផ្លាញរបស់រ៉ាឌីកាល់សេរី។ អ្វីដែលកាន់តែពិសេសនោះ ខ្ជាយដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញលំហូរឈាមឱ្យរត់បានស្រួលពេញរាងកាយ ដែលជួយឱ្យសរីរាង្គនីមួយៗទទួលបានអុកស៊ីសែន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ ធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា បង្កើនថាមពល និងកាត់បន្ថយការហត់នឿយបានយ៉ាងល្អ។
ដើម្បីទាញយកអត្ថប្រយោជន៍ពីមើមខ្ជាយមកជំរុញលំហូរឈាម និងពង្រឹងសុខភាព អ្នកអាចអនុវត្តតាមវិធីប្រើប្រាស់ ឬការញ៉ាំដូចខាងក្រោម៖
- វិធីធ្វើទឹកខ្ជាយសម្រាប់ផឹក: យកមើមខ្ជាយស្រស់ប្រហែល ១ ទៅ ២ ខាំ លាងសម្អាតឱ្យស្អាត (មិនបាច់ចិតសំបកទេ គ្រាន់តែដុសឱ្យជ្រះដី) រួចបុក ឬកិនឱ្យម៉ដ្ឋជាមួយទឹកស្អាត ១ កែវ។ បន្ទាប់មក ច្រោះយកតែទឹករបស់វា ហើយបន្ថែមទឹកក្រូចឆ្មារបន្តិច និងទឹកឃ្មុំ ១ ស្លាបព្រា ដើម្បីបង្កើនរសជាតិ និងប្រសិទ្ធភាព។ ការផឹកទឹកខ្ជាយនេះ ១ កែវក្នុងមួយថ្ងៃ នឹងជួយឱ្យចរន្តឈាមដើរស្រួល និងបង្កើនភាពស៊ាំ។
- ការប្រើប្រាស់ក្នុងមុខម្ហូប: អ្នកអាចចិតមើមខ្ជាយជាចំណិតតូចៗ ឬសរសៃៗ ដើម្បីស្លម្ជូរគ្រឿង ស្លប្រហើរ ឬឆាជាមួយសាច់ផ្សេងៗ។ ការញ៉ាំខ្ជាយដែលចម្អិនក្នុងម្ហូបអាហារ ក៏ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់ប្រព័ន្ធរំលាយអាហារ និងជួយបណ្ដេញខ្យល់ក្នុងពោះវៀនផងដែរ។
- តែខ្ជាយ: យកមើមខ្ជាយចិតជាចំណិតស្តើងៗ ដាក់ត្រាំក្នុងទឹកក្ដៅពុះ រួចទុកចោល ៥ នាទី សឹមទទួលទាននៅពេលព្រឹក។ វាជួយឱ្យរាងកាយមានភាពកក់ក្ដៅ និងជួយឱ្យសរសៃឈាមរីកធំ ដែលសម្រួលដល់ការរត់នៃឈាម៕