យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឱ្យដឹងថា ចេកក្រហមមិនត្រឹមតែមានពណ៌សម្បុរស្រស់ស្អាតប្លែកភ្នែកប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាប្រភពនៃសារធាតុចិញ្ចឹមដ៏អស្ចារ្យសម្រាប់សុខភាពបេះដូង។ តាមរយៈការសិក្សាបានបង្ហាញថា ចេកក្រហមសម្បូរទៅដោយប៉ូតាស្យូម និងម៉ាញេស្យូម ដែលជាជាតិរ៉ែដ៏សំខាន់ក្នុងការជួយរក្សាតុល្យភាពសម្ពាធឈាម និងការពារការឡើងរឹងនៃសរសៃឈាមបេះដូង។
ការទទួលទានចេកក្រហមជាប្រចាំ អាចជួយកាត់បន្ថយឱកាសនៃអាការគាំងបេះដូង និងជំងឺសរសៃឈាមបេះដូងផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព ដោយសារវាជួយឱ្យចលនាឈាមរត់បានស្រួល និងកាត់បន្ថយបន្ទុកការងាររបស់បេះដូង។
ចំពោះរបៀបទទួលទានដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុត អ្នកជំនាញណែនាំឱ្យទទួលទានចេកក្រហមនៅពេលដែលវាទុំល្អ ព្រោះនៅដំណាក់កាលនេះ សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ស្ថិតក្នុងកម្រិតខ្ពស់បំផុត។ អ្នកអាចញ៉ាំវាជាផ្លែឈើស្រស់ដោយផ្ទាល់ ១ ផ្លែក្នុងមួយថ្ងៃ ជាបង្អែមលាងមាត់ក្រោយអាហារ ឬយកទៅក្រឡុកធ្វើជាភេសជ្ជៈ Smoothie លាយជាមួយធញ្ញជាតិសម្រាប់អាហារពេលព្រឹកក៏បាន។
ការជ្រើសរើសចេកក្រហមមកដាក់ក្នុងរបបអាហារ មិនត្រឹមតែផ្ដល់នូវរសជាតិផ្អែមឈ្ងុយឆ្ងាញ់ប្លែកមាត់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការវិនិយោគដ៏ឆ្លាតវៃសម្រាប់សុខភាពបេះដូងឱ្យរឹងមាំ និងមានអាយុយឺនយូរ៕