យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឱ្យដឹងថា ជំងឺទឹកនោមផ្អែម និងការឡើងជាតិស្ករក្នុងឈាមខ្ពស់ កំពុងក្លាយជាបញ្ហាសុខភាពដ៏គួរឱ្យបារម្ភបំផុតមួយនៅក្នុងសង្គមបច្ចុប្បន្ន ដែលវាអាចបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សរីរាង្គដទៃទៀត។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្របានរកឃើញថា នៅក្នុងធាងត្រាវមានផ្ទុកនូវសារធាតុពិសេសៗជាច្រើនដែលមានសមត្ថភាពក្នុងការជួយគ្រប់គ្រង និងការពារការឡើងជាតិស្ករក្នុងឈាមយ៉ាងមានប្រសិទ្ធភាព។ធាងត្រាវសម្បូរទៅដោយជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយឱ្យរាងកាយបញ្ចេញជាតិស្ករយឺតៗ និងបង្កើនភាពស៊ាំនៃកោសិកា ដែលជាការការពារដ៏ល្អបំផុតប្រឆាំងនឹងជំងឺទឹកនោមផ្អែម។
ចំពោះរបៀបប្រើប្រាស់ធាងត្រាវឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព អ្នកត្រូវចងចាំថា មិនត្រូវទទួលទានធាងត្រាវស្រស់ឡើយ ព្រោះវាមានសារធាតុដែលបង្កឱ្យរមាស់។ ដើម្បីទាញយកអត្ថប្រយោជន៍សម្រាប់ការពារជំងឺទឹកនោមផ្អែម អ្នកគួរយកធាងត្រាវទៅចម្អិនឱ្យបានឆ្អិនល្អជាមុនសិន ដូចជាការយកទៅធ្វើជាបន្លែស្លសម្លម្ជូរធាងត្រាវ ឬស្ងោរឱ្យឆ្អិនរួចយកមកធ្វើជាបន្លែអន្លក់ក៏បាន។
ការទទួលទានធាងត្រាវដែលចម្អិនឆ្អិនបានល្អក្នុងបរិមាណសមស្របជាប្រចាំ មិនត្រឹមតែជួយរក្សាតុល្យភាពជាតិស្ករក្នុងឈាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់នូវវីតាមីន និងសារធាតុចិញ្ចឹមសំខាន់ៗដែលជួយឱ្យរាងកាយទាំងមូលមានសុខភាពមាំមួន និងមានថាមពលជានិច្ច៕