យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឱ្យដឹងថា ទឹកសណ្ដែកគឺជាប្រភពនៃសារធាតុចិញ្ចឹមដ៏អស្ចារ្យដែលមានសមត្ថភាពក្នុងការជួយបញ្ចុះសម្ពាធឈាម និងកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។
តាមរយៈការស្រាវជ្រាវបានបង្ហាញថា នៅក្នុងសណ្ដែកសៀងមានផ្ទុកនូវសារធាតុ Isoflavones និងប៉ូតាស្យូម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យសរសៃឈាមរីកធំ និងមានភាពយឺតយ៉ានល្អ ដែលធ្វើឱ្យលំហូរឈាមប្រព្រឹត្តទៅដោយរលូន និងកាត់បន្ថយសម្ពាធឈាមចំពោះអ្នកដែលមានបញ្ហាលើសឈាមយ៉ាងមានប្រសិទ្ធភាព។
ដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុតក្នុងការបញ្ចុះសម្ពាធឈាម អ្នកជំនាញបានផ្ដល់អនុសាសន៍ឱ្យទទួលទានទឹកសណ្ដែកស្រស់ដែលធ្វើដោយខ្លួនឯង ឬទឹកសណ្ដែកដែលគ្មានជាតិស្ករ ព្រោះជាតិស្ករអាចធ្វើឱ្យបាត់បង់តុល្យភាពសុខភាព និងបង្កើនការរលាក។ បរិមាណដែលសមស្របគឺការទទួលទាន ១ ទៅ ២ កែវក្នុងមួយថ្ងៃ ដោយអាចញ៉ាំនៅពេលព្រឹក ឬជាភេសជ្ជៈជំនួយកម្លាំងបន្ទាប់ពីហាត់ប្រាណ។ បន្ថែមពីនេះ ការទទួលទានទឹកសណ្ដែកខណៈពេលដែលវានៅក្ដៅឧណ្ហៗ មិនត្រឹមតែជួយដល់ប្រព័ន្ធឈាមរត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ ដែលជាចំណែកមួយជួយឱ្យសុខភាពរាងកាយទាំងមូលមានភាពល្អប្រសើរឡើងជាលំដាប់៕