យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឱ្យដឹងថា ផ្លែក្រវាញមិនត្រឹមតែជាគ្រឿងទេសដែលមានក្លិនក្រអូបប្រហើរសម្រាប់ដាក់ក្នុងម្ហូបអាហារប៉ុណ្ណោះទេ ប៉ុន្តែវាមានសមត្ថភាពអស្ចារ្យក្នុងការជួយដោះស្រាយបញ្ហាលើសឈាម។
តាមរយៈការសិក្សាស្រាវជ្រាវ គេបានរកឃើញថា ក្រវាញសម្បូរទៅដោយសារធាតុអង់ទីអុកស៊ីដង់ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលសម្ពាធឈាមចំពោះមនុស្សពេញវ័យ។
តាមរយៈការពិសោធជាក់ស្តែងទៅលើមនុស្សវ័យចំណាស់ចំនួន ២០ នាក់ដែលមានជំងឺលើសឈាម ដោយតម្រូវឱ្យពួកគេបរិភោគម្សៅក្រវាញក្នុងបរិមាណ ៣ ក្រាមក្នុងមួយថ្ងៃ ជាលទ្ធផលគួរឱ្យកត់សម្គាល់បានបង្ហាញថា៖ ក្រោយរយៈពេល ១២ សប្តាហ៍ សម្ពាធឈាមរបស់ពួកគេបានវិលត្រឡប់មកកម្រិតសមស្របវិញ។ បន្ថែមពីនេះ បរិមាណអង់ទីអុកស៊ីដង់នៅក្នុងរាងកាយរបស់ពួកគេក៏បានកើនឡើង ដែលជួយការពារកោសិកា និងពង្រឹងសុខភាពរាងកាយទាំងមូលឱ្យកាន់តែប្រសើរឡើង៕