យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឱ្យដឹងថា ស្លឹកត្រចៀកក្រាញ់មិនត្រឹមតែល្បីល្បាញខាងជួយរំងាប់ភាពក្ដៅក្នុងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការដោះស្រាយបញ្ហាដែលកើតមានក្នុងក្រពះ និងពោះវៀន។ សម្រាប់អ្នកដែលតែងតែជួបប្រទះបញ្ហាមានជាតិហ្គាសច្រើនក្នុងក្រពះ ឬអាការភើមកមានជាតិអាស៊ីត ស្លឹកត្រចៀកក្រាញ់គឺជាជម្រើសដ៏ប្រសើរក្នុងការជួយសម្រួល និងបន្សាបជាតិអាស៊ីតទាំងនោះ។
បន្ថែមពីនេះ ត្រចៀកក្រាញ់ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការបន្ទោបង់ និងកាត់បន្ថយបញ្ហាទល់លាមកដែលធ្វើឱ្យអ្នកមិនស្រណុកក្នុងខ្លួន។ ការទទួលទានទឹកត្រចៀកក្រាញ់ ឬញ៉ាំជាបន្លែស្រស់ជាប្រចាំ នឹងជួយឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានតុល្យភាព កម្ចាត់ជាតិពុល និងធ្វើឱ្យអ្នកមានអារម្មណ៍ស្រឡះខ្លួនជានិច្ច៕