យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឱ្យដឹងថា ក្រូចសើចមិនត្រឹមតែជាគ្រឿងផ្សំសម្រាប់បង្កើនរសជាតិអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានលក្ខណៈសម្បត្តិពិសេសក្នុងការការពារ និងសម្លាប់សត្វល្អិតផងដែរ។ តាមរយៈការវិភាគផ្នែកវិទ្យាសាស្ត្រ គេបានរកឃើញសារធាតុសំខាន់ៗពីរគឺ Citronellol និង Limonene ដែលមានផ្ទុកយ៉ាងច្រើននៅក្នុងផ្លែ និងស្លឹកក្រូចសើច ដែលសារធាតុទាំងនេះមានក្លិន និងគុណសម្បត្តិអាចដេញសត្វល្អិតបានយ៉ាងពូកែ។
ផ្អែកលើប្រភពដដែលបានបញ្ជាក់ថា ការប្រើប្រាស់ផលិតផលថែរក្សាស្បែកដូចជា ឡេ ឬសេរ៉ូម ដែលមានផ្សំឡើងពីទឹក ឬប្រេងចម្រាញ់ចេញពីក្រូចសើច លាបនៅលើស្បែក អាចជួយកាត់បន្ថយហានិភ័យនៃការខាំពីសត្វល្អិតផ្សេងៗបានយ៉ាងច្រើន។ វិធីសាស្ត្រនេះគឺជាជម្រើសដ៏ល្អ និងមានសុវត្ថិភាពខ្ពស់ ក្នុងការការពារខ្លួនពីការរំខានរបស់សត្វល្អិត ជាពិសេសមូស ដោយមិនចាំបាច់ប្រើប្រាស់សារធាតុគីមីខ្លាំងក្លា ដែលអាចប៉ះពាល់ដល់សុខភាពស្បែក៕