យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឱ្យដឹងថា រមៀតគឺជាមើមរុក្ខជាតិដែលមានសមត្ថភាពអស្ចារ្យក្នុងការជួយសម្រួលដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារ។ តាមរយៈការសិក្សាបានបង្ហាញថា រមៀតជួយជម្រុញដល់ការផលិតទឹកប្រមាត់ ដែលជាកត្តាសំខាន់ក្នុងការបំបែកអាហារឱ្យកាន់តែមានប្រសិទ្ធភាព។ ជាលទ្ធផល វានឹងជួយឱ្យរាងកាយរបស់អ្នកអាចស្រូបយកនូវជាតិរ៉ែ វីតាមីន និងសារធាតុចិញ្ចឹមចាំបាច់ផ្សេងៗពីអាហារដែលបានទទួលទានបានយ៉ាងពេញលេញ។
ក្រៅពីជួយដល់ការរំលាយអាហារ រមៀតក៏មានលក្ខណៈសម្បត្តិពិសេសក្នុងការប្រឆាំងការរលាក និងប្រឆាំងមេរោគយ៉ាងខ្លាំងក្លាផងដែរ។ គុណសម្បត្តិទាំងនេះហើយដែលធ្វើឱ្យរមៀតអាចជួយដោះស្រាយបញ្ហាផ្សេងៗពាក់ព័ន្ធនឹងប្រព័ន្ធរំលាយអាហារបានយ៉ាងគួរឱ្យកត់សម្គាល់។ ការបន្ថែមរមៀតទៅក្នុងរបបអាហារប្រចាំថ្ងៃ មិនត្រឹមតែជួយឱ្យពោះវៀនមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពាររាងកាយពីបញ្ហាអាហារមិនរំលាយ និងការឆ្លងមេរោគផ្សេងៗក្នុងក្រពះពោះវៀនទៀតផង៕