យោងតាមការចុះផ្សាយពីសារព័ត៌មានបរទេសផ្នែកសុខភាព បានបង្ហាញឱ្យដឹងថា ផ្លែល្ពៅដែលសំបូរទៅដោយវីតាមីនខ្ពស់ គឺជាជំនួយការដ៏វិសេសវិសាលក្នុងការថែរក្សាប្រព័ន្ធបង្ហូរនោមដែលមនុស្សជាច្រើនមិនសូវបានចាប់អារម្មណ៍។
សារធាតុចិញ្ចឹមដែលមាននៅក្នុងផ្លែល្ពៅ ជួយជំរុញឱ្យការបញ្ចេញកាកសំណល់ពីរាងកាយតាមរយៈទឹកនោមមានភាពរលូន និងមានប្រសិទ្ធភាពជាងមុន ដែលកត្តានេះជួយសម្រួលដល់ដំណើរការតម្រងនោមយ៉ាងខ្លាំង ព្រមទាំងជួយកាត់បន្ថយហានិភ័យនៃការកើតគ្រួសក្នុងតម្រងនោម ឬការរលាកប្លោកនោមផងដែរ។
លើសពីនេះទៅទៀត មិនត្រឹមតែសាច់ល្ពៅនោះទេ សូម្បីតែគ្រាប់ល្ពៅក៏ត្រូវបានគេរកឃើញថាមានអត្ថប្រយោជន៍យ៉ាងច្រើន ក្នុងការជួយពង្រឹងសាច់ដុំប្លោកនោម និងការពារបញ្ហាក្រពេញប្រូស្តាតចំពោះបុរសឱ្យមានភាពប្រសើរឡើង។ ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យទាំងនេះ អ្នកជំនាញបានណែនាំឱ្យបន្ថែមផ្លែល្ពៅទៅក្នុងរបបអាហារប្រចាំថ្ងៃ មិនថាក្នុងទម្រង់ជាសម្ល អាហារសម្រន់ ឬការទទួលទានគ្រាប់ល្ពៅលីងនោះទេ ព្រោះវាជាវិធីសាស្ត្រដ៏សាមញ្ញបំផុតក្នុងការថែរក្សាប្រព័ន្ធទឹកនោមរបស់អ្នកឱ្យមានសុខភាពល្អ និងមាំមួនពីខាងក្នុង។
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕