យោងតាមការចុះផ្សាយពីសារព័ត៌មានបរទេសផ្នែកសុខភាព បានបង្ហាញឱ្យដឹងថា ផ្លែត្រឡាចមិនត្រឹមតែជាបន្លែដ៏មានរសជាតិសម្រាប់មុខម្ហូបប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានគេទទួលស្គាល់ថាជា “ជំនួយការពិសេស” ក្នុងការថែរក្សាប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ។
សារធាតុចិញ្ចឹមដែលមាននៅក្នុងផ្លែត្រឡាចមានសមត្ថភាពខ្ពស់ក្នុងការបង្កើតជាខែលការពារភ្នាសក្រពះ ដោយជួយកាត់បន្ថយការយាយីពីអាស៊ីតលើសកម្រិតដែលជាមូលហេតុចម្បងបង្កឱ្យកើតមានដំបៅក្រពះ។
ជាមួយគ្នានេះដែរ ដោយសារតែវាមានលក្ខណៈ “ត្រជាក់” ពីធម្មជាតិ ផ្លែត្រឡាចជួយសម្រន់ និងព្យាបាលការរលាកផ្សេងៗនៅក្នុងក្រពះ និងពោះវៀនបានយ៉ាងមានប្រសិទ្ធភាព។
ក្រៅពីសមត្ថភាពការពារការរលាក ជាតិទឹក និងជាតិសរសៃដ៏សម្បូរបែបដែលមាននៅក្នុងផ្លែត្រឡាច ក៏បានដើរតួយ៉ាងសំខាន់ក្នុងការជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានយ៉ាងរលូន ព្រមទាំងជួយកាត់បន្ថយអាការៈហើមពោះ និងបញ្ហាពិបាករំលាយអាហារផ្សេងៗទៀតផង។
ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យទាំងនេះសម្រាប់សុខភាពក្រពះ និងពោះវៀន អ្នកជំនាញបានផ្ដល់ដំបូន្មានថា ការទទួលទានទឹកត្រឡាចស្រស់ ឬការយកវាទៅចម្អិនជាស៊ុបក្ដៅៗ គឺជាវិធីសាស្ត្រដ៏សាមញ្ញ និងល្អបំផុតដែលលោកអ្នកមិនគួររំលង។
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕