ការបែងចែកឱ្យដឹងថា ស្បែករបស់អ្នកខ្វះជាតិទឹក (Dehydrated Skin) ឬខ្វះជាតិប្រេង (Dry Skin) គឺមានសារៈសំខាន់ណាស់ ព្រោះវាទាមទារការថែទាំខុសគ្នា ។ មនុស្សជាច្រើនច្រឡំថា វាដូចគ្នា ប៉ុន្តែតាមពិតវាមានលក្ខណៈសម្គាល់ផ្សេងគ្នាដូចខាងក្រោម ៖
១. ស្បែកខ្វះជាតិប្រេង (ប្រភេទស្បែក)
ស្បែកប្រភេទនេះ គឺដោយសាររាងកាយ មិនសូវផលិតជាតិប្រេង (Sebum) ធម្មជាតិ។ វាជាប្រភេទស្បែកជាប់ខ្លួនពីកំណើត ។
+លក្ខណៈសម្គាល់៖
-ស្បែកមានអារម្មណ៍ថា គ្រើម ឬស្រអាប់។
-មាន ស្រកា តូចៗ ឬរបកស្បែក។
-រន្ធញើសតូចខ្លាំង (ស្ទើរតែមើលមិនឃើញ)។
-ស្បែកមិនសូវមានភាពយឺត (ងាយនឹងកើតមានស្នាមជ្រីវជ្រួញតូចៗ)។
-មិនសូវមានជាតិរលោងលើផ្ទៃមុខឡើយ។
+ដំណោះស្រាយ៖ ត្រូវប្រើផលិតផលដែលមានសារធាតុប្រេង (Oil-based) ឬគ្រីមដែលមានជាតិសំណើមក្រាស់ៗ ដើម្បីបំពេញជាតិប្រេងដែលបាត់បង់។
២. ស្បែកខ្វះជាតិទឹក (ស្ថានភាពស្បែក)
នេះមិនមែនជាប្រភេទស្បែកទេ ប៉ុន្តែជាស្ថានភាពស្បែក បណ្តោះអាសន្នដែលខ្វះជាតិទឹក (Water)។ ស្បែកខ្លាញ់ក៏អាចខ្វះជាតិទឹកបានដែរ។
+លក្ខណៈសម្គាល់៖
-ស្បែកមានអារម្មណ៍ថា តឹង (Tight) ប៉ុន្តែមានខ្លាញ់ចេញមកច្រើន (ស្បែកព្យាយាមផលិតខ្លាញ់មកជំនួសជាតិទឹកដែលបាត់បង់)។
-ស្បែកមើលទៅ ស្រអាប់ គ្មានជីវជាតិ ទោះប្រើឡេក៏មិនសូវចូលស្បែក។
-ងាយរងប្រតិកម្ម រមាស់ ឬក្រហម។
-ពេលអ្នកក្តិចស្បែកតិចៗ វាមិនឆាប់ត្រឡប់មកសភាពដើមវិញភ្លាមៗទេ (ខ្វះភាពយឺត)។
-ស្នាមរង្វង់ខ្មៅក្រោមភ្នែកមើលទៅច្បាស់ជាងមុន។
+ដំណោះស្រាយ៖ ត្រូវញ៉ាំទឹកឱ្យបានច្រើន និងប្រើផលិតផលដែលមានសារធាតុ Hyaluronic Acid ឬ Glycerin ដើម្បីទាញជាតិទឹកចូលក្នុងស្បែក ៕