ដំឡូងជ្វា មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងជាអាហារដ៏ល្អបំផុតមួយសម្រាប់សុខភាពពោះវៀន និងជួយដោះស្រាយបញ្ហាទល់លាមកប្រកបដោយប្រសិទ្ធភាព។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ដំឡូងជ្វាបានផ្តល់អត្ថប្រយោជន៍ដល់ពោះវៀនតាមរយៈចំណុចសំខាន់ៗទាំងនេះ៖
សម្បូរជាតិសរសៃ ២ ប្រភេទ
ដំឡូងជ្វាមានផ្ទុកជាតិសរសៃចំណីអាហារ ដល់ទៅ ២ ប្រភេទ៖
- ជាតិសរសៃរលាយ: សរសៃប្រភេទនេះមានសមត្ថភាពស្រូបយកទឹកនៅក្នុងក្រពះពោះវៀន ដែលជួយធ្វើឱ្យលាមកមានសភាពទន់ និងងាយស្រួលក្នុងការបញ្ចេញ។
- ជាតិសរសៃមិនរលាយ: សរសៃប្រភេទនេះជួយបន្ថែមបរិមាណដល់លាមក និងជំរុញចលនាពោះវៀន។
ជំរុញសុខភាព និងថាមពលពោះវៀន
នៅពេលដែលជាតិសរសៃទាំងពីរប្រភេទនេះត្រូវបានលាយជាមួយនឹងបាក់តេរីល្អ នៅក្នុងពោះវៀន វានឹងជួយជំរុញការផលិតនូវសមាសធាតុសំខាន់ៗដែលហៅថា អាស៊ីដខ្លាញ់ខ្សែខ្លី ។
- សមាសធាតុអាស៊ីដខ្លាញ់ខ្សែខ្លីនេះ គឺជាប្រភព ថាមពល ដ៏សំខាន់សម្រាប់កោសិកាពោះវៀន។
- វាធ្វើឱ្យជញ្ជាំងពោះវៀន កាន់តែរឹងមាំ។
- ជាលទ្ធផល ពោះវៀនអាច រំលាយអាហារ និង ស្រូបយកសារធាតុចិញ្ចឹម បានកាន់តែល្អប្រសើរ។
សរុបមក ជាតិសរសៃដ៏សម្បូរបែបក្នុងដំឡូងជ្វា គឺជួយធ្វើឱ្យលាមកទន់ផង ជំរុញចលនាពោះវៀនផង និងថែបំប៉នសុខភាពពោះវៀនទាំងមូលផង ទើបអាចជួយកាត់បន្ថយ និងដោះស្រាយបញ្ហាទល់លាមកបាន៕