យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ បានបង្ហាញនូវវិធីសាស្ត្រថែរក្សាសក់តាមបែបធម្មជាតិដ៏មានប្រសិទ្ធភាព ដោយប្រើប្រាស់ផ្លែល្ពៅ ដែលអាចជួយព្យាបាល និងស្ដារសក់ស្ងួតខូចឱ្យត្រឡប់មកមានសុខភាពល្អ និងភ្លឺរលោងឡើងវិញ។
រូបមន្តម៉ាសបំប៉នសក់នេះ ងាយស្រួលធ្វើនៅផ្ទះ ដោយសារធាតុផ្សំធម្មជាតិទាំងអស់។
របៀបធ្វើម៉ាសល្ពៅបំប៉នសក់
ដើម្បីបង្កើតម៉ាសបំប៉នសក់ដ៏អស្ចារ្យនេះ អ្នកគ្រាន់តែធ្វើតាមជំហានងាយៗខាងក្រោម៖
- រៀបចំធាតុផ្សំ: យកល្ពៅដែលស្ងោរឆ្អិន ២ ពែង រួចចិញ្ច្រាំឱ្យម៉ដ្ឋ។ បន្ទាប់មក លាយជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយ, យ៉ាអួរ១ ស្លាបព្រាបាយ និងប្រេងដូង ១ ស្លាបព្រាបាយ។
- លាយបញ្ចូលគ្នា: កូរល្បាយគ្រឿងផ្សំទាំងអស់នេះឱ្យសព្វចូលគ្នាល្អ។
- លាបលើសក់: លាបម៉ាសល្ពៅដែលលាយរួចនេះទៅលើសក់របស់អ្នកឱ្យបានសព្វល្អ។
- គ្របទុក: ពាក់មួកផ្លាស្ទិកគ្របសក់ឱ្យជិត ដើម្បីរក្សាកម្ដៅនិងជួយឱ្យសារធាតុជ្រាបចូលសរសៃសក់។
- រង់ចាំ និងលាងជម្រះ: រង់ចាំរយៈពេល ១៥ នាទី រួចសឹមលាងសម្អាតចេញដោយប្រើប្រាស់សាប៊ូកក់សក់ និងក្រែមបន្ទន់សក់ដូចពេលធម្មតា។
ការអនុវត្តរូបមន្តនេះជាទៀងទាត់ អាចជួយស្ដារ និងផ្ដល់សំណើមដល់សក់ដែលស្ងួតខូចបានយ៉ាងល្អ៕