ការញ៉ាំភេសជ្ជៈផ្អែមៗ (ដូចជា ភេសជ្ជៈប៉ូវកម្លាំង, តែគុជ, កាហ្វេទឹកដោះគោ, ទឹកក្រូច ឬទឹកផ្លែឈើកំប៉ុង) គឺជាទម្លាប់ដែលមនុស្សជាច្រើនចូលចិត្ត ព្រោះវាជួយឱ្យមានអារម្មណ៍ស្រស់ស្រាយភ្លាមៗ ។ ប៉ុន្តែការទទួលបានជាតិស្កររាវ (Liquid Sugar) ច្រើនពេក វាមានគ្រោះថ្នាក់ជាងការញ៉ាំស្ករក្នុងអាហារទៅទៀត ព្រោះរាងកាយស្រូបយកវាលឿនពេក ។
ខាងក្រោមនេះ គឺជាជំងឺ និងបញ្ហាសុខភាពធំៗទាំង៧ ដែលអ្នកអាចប្រឈមមុខ ប្រសិនបើអ្នកញ៉ាំទឹកផ្អែមជាប្រចាំ ៖
១. ជំងឺទឹកនោមផ្អែមប្រភេទទី ២
នេះជាហានិភ័យខ្ពស់បំផុត។
-មូលហេតុ៖ ជាតិស្ករខ្ពស់ធ្វើឱ្យលំពែងត្រូវផលិតអាំងស៊ុយលីន (Insulin) យ៉ាងច្រើនហួសហេតុ ។ យូរៗទៅ កោសិកាក្នុងរាងកាយនឹងលែងស្គាល់អាំងស៊ុយលីន (Insulin Resistance) ដែលនាំឱ្យជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ជាប់រហូត។
២. ធាត់លើសទម្ងន់ និងដុះក្បាលពោះ
-មូលហេតុ៖ ស្ករក្នុងភេសជ្ជៈផ្តល់តែថាមពល (Calories) ប៉ុន្តែមិនធ្វើឱ្យអ្នកឆ្អែតដូចការញ៉ាំបាយទេ។ ម៉្យាងទៀត ជាតិស្ករប្រភេទ Fructose នឹងទៅរារាំងអរម៉ូនដែលប្រាប់ខួរក្បាលថា «ឆ្អែត» ធ្វើឱ្យអ្នកឃ្លានកាន់តែខ្លាំង និងញ៉ាំកាន់តែច្រើន ។
៣. ជំងឺខ្លាញ់រុំថ្លើម
កុំស្មានថា ទាល់តែផឹកស្រាទើបខូចថ្លើម!
-មូលហេតុ៖ ថ្លើម គឺជាកន្លែងតែមួយគត់ដែលបំបែកជាតិស្ករ Fructose។ ពេលអ្នកញ៉ាំទឹកផ្អែមច្រើនពេក ថ្លើមមិនអាចបំបែកទាន់ ក៏ប្រែជាតិស្ករនោះទៅជា ខ្លាញ់ ហើយស្តុកទុកនៅក្នុងថ្លើមជំនួសវិញ។
៤. ជំងឺបេះដូង និងសរសៃឈាម
-ផលប៉ះពាល់ ៖ ការញ៉ាំស្ករច្រើន បង្កើនកម្រិតខ្លាញ់អាក្រក់ (Triglycerides) និងកូឡេស្តេរ៉ុលក្នុងឈាម ។ វាធ្វើឱ្យសរសៃឈាមរឹង ឬរលាក ដែលជាកត្តានាំឱ្យកើតជំងឺលើសឈាម និងគាំងបេះដូង។
៥. ខូចតម្រងនោម
-មូលហេតុ ៖ កម្រិតជាតិស្ករខ្ពស់ អាចធ្វើឱ្យខូចសរសៃឈាមតូចៗនៅក្នុងតម្រងនោម។ លើសពីនេះ ការសិក្សាបានបង្ហាញថា ការញ៉ាំភេសជ្ជៈផ្អែមដែលមានជាតិស្ករ Fructose ខ្ពស់ អាចបង្កើនហានិភ័យនៃការកើត គ្រួសក្នុងតម្រងនោម ផងដែរ។
៦. បញ្ហាមាត់ធ្មេញ
-ដង្កូវស៊ីធ្មេញ៖ ស្ករគឺជាអាហារដ៏ចូលចិត្តរបស់បាក់តេរីនៅក្នុងមាត់។ ពេលបាក់តេរីស៊ីស្ករ វាបញ្ចេញជាតិអាស៊ីតដែលទៅបំផ្លាញកាចាធ្មេញ (Enamel) ធ្វើឱ្យធ្មេញពុក និងឈឺចាប់។
៧. ស្បែកឆាប់ចាស់ និងកើតមុន
-ភាពចាស់ ៖ ជាតិស្ករទៅភ្ជាប់ជាមួយប្រូតេអ៊ីនក្នុងរាងកាយ បង្កើតជាសារធាតុម្យ៉ាង (AGEs) ដែលទៅបំផ្លាញ កូឡាជេន (Collagen)។ លទ្ធផលគឺ ស្បែកបាត់បង់ភាពយឺត ជ្រីវជ្រួញ និងមើលទៅចាស់ជាងវ័យ៕