រាជធានីភ្នំពេញ ៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានប្រកាសនាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំកុមារា «ប៊ុនធឿន ធារដ្ឋ» អាយុ ១១ខែ មានបញ្ហាឆែបមាត់ពីកំណើត ពិបាកក្នុងការបៅ រស់នៅភូមិព្រះម្លូរ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ មកទទួលការព្យាបាលវះកាត់ កែលម្អបបូរមាត់ នៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន កុមារាកំពុងទទួលការពិនិត្យ វះកាត់ ព្យាបាលដំណាក់កាលទី២ ដោយល្អិតល្អន់ និងជោគជ័យ ដោយក្រុមគ្រូពេទ្យឯកទេសរបស់«សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ។
គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបន្តថា «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ថែមទាំងបានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការវះកាត់ព្យាបាល ថ្លៃធ្វើដំណើរ និងការចំណាយលើអាហារប្រចាំថ្ងៃជូនអាណាព្យាបាលកុមារាផងដែរ ។
ទឹកចិត្តដ៏មហាសប្បុរសនេះ នាំឱ្យក្រុមគ្រួសាររបស់កុមារា មានក្តីរីករាយជាពន់ពេក និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ជាអនេក ៕