រោគសញ្ញានៃជំងឺគ្រួសក្នុងតម្រងនោម អាចមានភាពខុសគ្នាទៅតាមទំហំ និងទីតាំងរបស់គ្រួស ។ ប្រសិនបើគ្រួសមានទំហំតូចខ្លាំង វាអាចធ្លាក់មកតាមទឹកនោម ដោយមិនបង្កឱ្យមានការឈឺចាប់អ្វីឡើយ ប៉ុន្តែប្រសិនបើគ្រួសមានទំហំធំ ឬធ្លាក់មកស្ទះនៅបំពង់នោម វាអាចបង្កឱ្យមានរោគសញ្ញាធ្ងន់ធ្ងរដូចខាងក្រោម ៖
១. ការឈឺចុកចាប់ខ្លាំង
នេះជារោគសញ្ញាដែលច្បាស់បំផុត និងឈឺចាប់បំផុត ៖
–ឈឺចុកចាប់នៅចង្កេះ ឬចំហៀងខ្លួន ៖ ការឈឺចាប់តែងតែកើតឡើងនៅផ្នែកខាងក្រោយ ក្រោមឆ្អឹងជំនី (ត្រង់តម្រងនោម)។
–ការឈឺចាប់រាលដាល ៖ វាអាចរាលដាលពីចង្កេះ មកកាន់ពោះផ្នែកខាងក្រោម និងចុះទៅដល់ក្រលៀន។
–ឈឺជាដំណាក់កាលៗ ៖ ការឈឺចាប់អាចមកជាប្រកាច់ៗ (ខ្លាំងហើយបាត់ទៅវិញ រួចខ្លាំងម្តងទៀត)។
២. បញ្ហាទឹកនោម និងការនោម នោមឈឺផ្សារ នៅពេលគ្រួសធ្លាក់មកដល់ផ្នែកខាងក្រោមនៃបំពង់នោម ឬប្លោកនោម។
–ទឹកនោមមានឈាម ៖ ទឹកនោមអាចប្រែពណ៌ទៅជាពណ៌ផ្កាឈូក ពណ៌ក្រហម ឬពណ៌ត្នោត។
–នោមញឹកខុសធម្មតា៖ អ្នកអាចមានអារម្មណ៍ថា ឈឺនោមញឹកញាប់ ទោះបីជានោមចេញបានតិចតួចក៏ដោយ ។
–ទឹកនោមល្អក់ ឬមានក្លិនឆួលខ្លាំង ៖ នេះអាចជាសញ្ញាថា មានការឆ្លងមេរោគបន្ថែម ។
៣. រោគសញ្ញាផ្សេងៗទៀត
–ចង់ក្អួត ឬក្អួត៖ ដោយសារតែការឈឺចាប់ខ្លាំងពេក ឬដោយសារទំនាក់ទំនងរវាងសរសៃប្រសាទក្រពះ និងតម្រងនោម។
–គ្រុនក្តៅ និងញាក់ ៖ ប្រសិនបើអ្នកមានរោគសញ្ញានេះ រួមជាមួយការឈឺចង្កេះ នោះបញ្ជាក់ថាអាចមាន ការឆ្លងមេរោគក្នុងតម្រងនោម ដែលជាករណីគ្រោះថ្នាក់ ៕