ការគេងមិនលក់ ឬដំណេកគ្មានគុណភាព អាចធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។ យោងតាមការណែនាំពី មន្ទីរពេទ្យកាល់ម៉ែត បានបង្ហាញពីគន្លឹះជាមូលដ្ឋានជាច្រើន ដែលអ្នកអាចអនុវត្តបានដើម្បីកែលម្អវិបត្តិដំណេករបស់អ្នកឱ្យមានប្រសិទ្ធភាព៖
គន្លឹះសំខាន់ៗទាំង ៤ ដើម្បីបង្កើនគុណភាពដំណេក
១. គោរពវដ្ដដំណេកឱ្យបានទៀងទាត់
- ព្យាយាម ចូលសម្រាន្ត និងភ្ញាក់ឱ្យបានទៀងពេល រាល់ថ្ងៃ (ទាំងថ្ងៃធ្វើការ និងថ្ងៃឈប់សម្រាក)។ ទម្លាប់នេះមានឥទ្ធិពលទៅលើសរីរាង្គរបស់អ្នកក្នុងការកំណត់គុណភាពនៃការភ្ញាក់ និងការសម្រាកបានច្បាស់លាស់។
- ចំណាយពេលនៅលើគ្រែ តែពេលយប់ដើម្បីសម្រាន្តប៉ុណ្ណោះ ជៀសវាងការធ្វើកិច្ចការផ្សេងទៀតដូចជា មើលទូរទស្សន៍ ឬធ្វើការ។
២. ការត្រៀមខ្លួនមុនចូលគេង
- ដំណេកគឺជាការឆ្លងកាត់ពីពិភពពិតទៅពិភពសុបិន។ ដូច្នេះ គួរធ្វើកិច្ចការណាដែលប្រកបដោយភាពស្រមើស្រមៃដូចជា អានសៀវភៅ ឬស្តាប់ភ្លេងស្រទន់ ជាដើម។
- ត្រូវ បញ្ឈប់រាល់ការគិតស្មុគស្មាញ យ៉ាងតិច ១ ម៉ោង មុនពេលសម្រាន្ត។
៣. សកម្មភាពរាងកាយ និងបរិយាកាស
- ការហាត់ប្រាណពេលរសៀល (ប្រហែល ៥ ឬ ៦ ម៉ោងមុនពេលសម្រាន្ត) អាចជួយសម្រួលដល់ការលង់លក់។
- ការងូតទឹកក្ដៅឧណ្ហៗ ១ ឬ ២ ម៉ោងមុនសម្រាន្ត ក៏ជួយបន្ថយកម្ដៅខ្លួន និងធ្វើឱ្យងាយស្រួលគេងដែរ។
- កែសម្រួលបរិយាកាស: ត្រូវយកចិត្តទុកដាក់លើ សីតុណ្ហភាព, សំឡេង និង ពន្លឺ ជុំវិញខ្លួនអ្នកឱ្យមានភាពសមស្រប។
៤. ការគ្រប់គ្រងចំណីអាហារ
- ទទួលទាន អាហារពេលល្ងាចស្រាលៗ អាចជួយដល់ដំណេក។
- ជៀសវាងជាដាច់ខាត នូវការពិសា ជាតិសុរា, កាហ្វេ និង បារី មុនពេលចូលគេង។
អនុសាសន៍៖ ការអនុវត្តតាមគន្លឹះទាំងនេះជាប្រចាំ នឹងជួយពង្រឹងគុណភាពដំណេករបស់អ្នកឱ្យកាន់តែស្កប់ស្កល់។ ប្រសិនបើបញ្ហាដំណេកនៅតែបន្តរ៉ាំរ៉ៃ សូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ៕