ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃមួយ ដែលជួនកាលមិនបង្ហាញរោគសញ្ញាភ្លាមៗនោះទេ ជាពិសេសចំពោះប្រភេទទី២ ។ ទោះយ៉ាងណា ប្រសិនបើជាតិស្ករក្នុងឈាមឡើងខ្ពស់ខ្លាំងរាងកាយនឹងចាប់ផ្តើមបង្ហាញសញ្ញាព្រមានសំខាន់ៗ ។
ខាងក្រោមនេះ គឺជារោគសញ្ញាសំខាន់ៗនៃជំងឺទឹកនោមផ្អែម ដែលអ្នកគួរកត់សម្គាល់ ៖
១. រោគសញ្ញាធំៗទាំង៣ (សញ្ញាដែលជួបប្រទះញឹកញាប់បំផុត)
–នោមញឹកខុសធម្មតា ៖ ជាពិសេសនៅពេលយប់ (ត្រូវងើបបត់ជើងតូចច្រើនដង) ។ មូលហេតុ គឺដោយសារតម្រងនោមព្យាយាមបញ្ចេញជាតិស្ករដែលលើសចេញតាមទឹកនោម។
–ស្រេកទឹកខ្លាំង ៖ នៅពេលដែលបាត់បង់ជាតិទឹកតាមរយៈការនោមច្រើន រាងកាយនឹងត្រូវការទឹកមកជំនួសវិញ ធ្វើឱ្យចេះតែស្ងួតមាត់ និងស្រេកទឹកមិនបាត់។
–ឃ្លានខ្លាំង ៖ ទោះបីជាញ៉ាំហើយ ក៏នៅតែមានអារម្មណ៍ថាឃ្លាន។ នេះដោយសារតែរាងកាយមិនអាចយកជាតិស្ករទៅប្រើប្រាស់ជាថាមពលបាន ទើបវាទាមទារអាហារបន្ថែម។
២. រោគសញ្ញាលើរាងកាយផ្សេងទៀត
–អស់កម្លាំង និងល្ហិតល្ហៃ៖ គ្មានកម្លាំងកំហែង ទោះបីជាបានសម្រាកគ្រប់គ្រាន់។
–ស្រកទម្ងន់លឿនដោយគ្មានមូលហេតុ ៖ ញ៉ាំច្រើនតែស្រកគីឡូ (ជាពិសេសចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១) ដោយសាររាងកាយចាប់ផ្តើមដុតបំផ្លាញសាច់ដុំ និងខ្លាញ់ជំនួសស្ករដើម្បីយកថាមពល។
–ស្រវាំងភ្នែក ៖ ភ្នែកមើលមិនសូវច្បាស់ ឬស្រវាំងៗ ដោយសារកម្រិតជាតិស្ករខ្ពស់ធ្វើឱ្យប៉ះពាល់ដល់កែវភ្នែក។
៣. រោគសញ្ញាលើស្បែក និងការជាសះស្បើយ
–របួសក្រជា ឬមិនងាយជា៖ គ្រាន់តែមុតដៃ ឬមានដំបៅបន្តិចបន្តួច ប្រើពេលយូរខុសធម្មតាទើបជា ឬអាចក្លាយទៅជាដំបៅធំ។
–រមាស់ស្បែក ឬឆ្លងមេរោគ៖ ងាយនឹងមានមេរោគផ្សិត (ជាពិសេសនៅត្រង់បរិវេណសម្ងាត់) ឬរមាស់ស្បែកស្ងួត។
–ស្ពឹក ឬឈឺចុកចាប់នៅចុងដៃចុងជើង៖ មានអារម្មណ៍ដូចម្ជុលចាក់ ឬស្ពឹកៗនៅបាតដៃ បាតជើង (នេះជាសញ្ញាដែលជាតិស្ករចាប់ផ្តើមបំផ្លាញសរសៃប្រសាទ)។