មន្ទីរពេទ្យកាល់ម៉ែត បានប្រកាសនាពេលកន្លងមកថា ៖ តើលោកអ្នកធ្លាប់ដឹងពីជំងឺគ្រុនពោះវៀន ឬទេ?
ជំងឺគ្រុនពោះវៀនជាជំងឺឆ្លង ដែលអាចគំរាមគំហែងដល់អាយុជីវិតរបស់អ្នកជំងឺបាន ប្រសិនបើគាត់មិនបានទទួលការព្យាបាលទាន់ពេលវេលា និងត្រឹមត្រូវ។ ជំងឺនេះបង្កដោយមេរោគ បាក់តេរីឈ្មោះ Salmonella enterica (typhi , Paratyphi) ។
ក) ការចំលងរោគ៖
ជំងឺគ្រុនពោះវៀនឆ្លងតាមរយៈការបរិភោគទឹក ឬអាហារដែលមានផ្ទុកនូវពពួកមេរោគ Salmonella enterica (typhi , Paratyphi) ។
ខ) រោគសញ្ញា៖
អ្នកជំងឺដែលកើតជំងឺនេះ មានរោគសញ្ញាដូចខាងក្រោមៈ
– ក្តៅខ្លួន ដែលសីតុណ្ហភាពអាចដល់ 39 – 40 អង្សារ
– ភាពមិនស៊ីចង្វាក់គ្នារវាងកំដៅ និងជីពចរ
– អស់កំលាំង
– ឈឺក្បាលខ្លាំង
– ចង្អោរ
– ពិបាកបន្ទោរបង់ រឺរាគរូស
– មានករណីតិចតួចដែលមានសញ្ញាកន្ទួលក្រហមនៅលើស្បែក ជាពិសេសស្បែកពោះ។
គ) ការធ្វើរោគវិនិច្ឆ័យ
– ការសាកសួរ និងការពិនិត្យអ្នកជំងឺឲ្យបានច្បាស់លាស់ ជាជំហានដែលសំខាន់។
– ការពិនិត្យឈាម និងការបណ្តុះមេរោគដើម្បីទទួលបាននៅប្រភេទមេរោគ ព្រមទាំងថ្នាំសម្លាប់មេរោគឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។
– ការពិនិត្យលាមក ក៏មានសារៈប្រយោជន៍សំរាប់ការស្វែងរកប្រភេទមេរោគដែរ តែយើងសង្កេតឃើញថា ការដុះរបស់មេរោគមានកំរិតទាប។