យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសជាច្រើន បានឱ្យដឹងថា តាសក់ផ្អែមមិនត្រឹមតែជាផ្លែឈើដែលមានរសជាតិឆ្ងាញ់ពិសាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា “វីរបុរស” ធម្មជាតិក្នុងការថែរក្សាសម្រស់ និងសុខភាពស្បែករបស់អ្នកផងដែរ។
ហេតុអ្វីតាសក់ផ្អែមមានអំណាចលើស្បែក?
អាថ៌កំបាំងនៃអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់តាសក់ផ្អែម គឺស្ថិតនៅក្នុងសារធាតុចិញ្ចឹមសំខាន់ៗដែលវាមានផ្ទុក៖
- សម្បូរវីតាមីន C៖ វីតាមីន C ដើរតួយ៉ាងសំខាន់ក្នុងការជំរុញការផលិតកូឡាជែនដែលជួយឱ្យស្បែកមានភាពតឹងណែន និង ភ្លឺរលោងថ្លា ពីខាងក្នុង។
- វីតាមីន A៖ វីតាមីន A ជួយរក្សាសំណើមដល់ស្បែក ការពារស្បែកស្ងួត និងជួយពន្លឿនការបង្កើតកោសិកាស្បែកថ្មី។
លាហើយភាពជ្រីវជ្រួញ!
ដោយសារតែវាជាប្រភពដ៏ល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ការទទួលទានតាសក់ផ្អែមជាប្រចាំក៏ជួយប្រឆាំងនឹងភាពជ្រីវជ្រួញ និងភាពចាស់មុនអាយុផងដែរ។ វាជួយការពារកោសិកាស្បែកពីការបំផ្លាញដែលបង្កឡើងដោយរ៉ាឌីកាល់សេរីធ្វើឱ្យស្បែករបស់អ្នកមើលទៅក្មេងជាងវ័យ និងមានភាពទាក់ទាញ។
គន្លឹះ៖ ការបន្ថែមតាសក់ផ្អែមទៅក្នុងរបបអាហារពេលព្រឹក ឬជាអាហារសម្រន់ គឺជាវិធីងាយៗដើម្បីទទួលបានស្បែកស្រស់ស្អាតដោយធម្មជាតិ៕