ជំងឺមហារីកថ្លើមគឺជាជំងឺដ៏កាចសាហាវមួយដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់។ ការស្គាល់រោគសញ្ញាដំបូងៗអាចជួយអ្នកជំងឺក្នុងការពិនិត្យ និងព្យាបាលទាន់ពេលវេលា។
យោងតាមការផ្សាយអប់រំរបស់ មន្ទីរពេទ្យកាល់ម៉ែតរោគសញ្ញាដែលអាចឲ្យយើងដឹងអំពីជំងឺមហារីកថ្លើមមានដូចខាងក្រោម៖
- ឈឺចុកចាប់នៅផ្នែកខាងស្ដាំនៃពោះ៖ ការឈឺចាប់ដែលកើតឡើងនៅតំបន់ក្រោមឆ្អឹងជំនីរខាងស្ដាំ គឺជាសញ្ញាដែលត្រូវប្រុងប្រយ័ត្នបំផុត ព្រោះជាទីតាំងនៃថ្លើម។
- ថ្លើមរីកធំ៖ ជួនកាលអ្នកជំងឺអាចគ្មានអារម្មណ៍ឈឺចាប់ទេ ប៉ុន្តែការពិនិត្យដោយវេជ្ជបណ្ឌិត (ដោយការស្ទាប ឬពិនិត្យរូបភាព) អាចបង្ហាញថាថ្លើមមានការរីកធំខុសប្រក្រតី។
- រោគសញ្ញានៃជំងឺគ្រិនថ្លើមរួមផ្សំ៖ អ្នកជំងឺមហារីកថ្លើមភាគច្រើនមានប្រវត្តិ ឬមានរោគសញ្ញានៃជំងឺគ្រិនថ្លើម មកជាមួយ។ រោគសញ្ញាទាំងនេះរួមមាន៖
- លឿងភ្នែក និងស្បែក
- ទាចទឹកក្នុងស្រោមពោះ
- ហើមជើង
- រកឃើញដោយការពិនិត្យសុខភាពតាមកាលកំណត់: ក្នុងករណីខ្លះ អ្នកជំងឺមិនទាន់មានរោគសញ្ញាខាងក្រៅគួរឲ្យកត់សម្គាល់នោះទេ។ ផ្ទុយទៅវិញ ដុំសាច់មហារីកថ្លើមត្រូវបានរកឃើញដោយចៃដន្យ តាមរយៈការពិនិត្យមើល អេកូពោះ ឬការពិនិត្យសុខភាពប្រចាំឆ្នាំ។
អនុសាសន៍៖ ប្រសិនបើអ្នកមានប្រវត្តិជំងឺថ្លើមរ៉ាំរ៉ៃ (ដូចជា រលាកថ្លើមប្រភេទ B, C ឬគ្រិនថ្លើម) សូមទៅពិគ្រោះ និងធ្វើការពិនិត្យអេកូពោះតាមកាលកំណត់ជាមួយគ្រូពេទ្យ ដើម្បីតាមដានសុខភាពថ្លើមរបស់អ្នកឱ្យបានទៀងទាត់៕