ម្អម ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាបន្លែធម្មជាតិដែលប្រើប្រាស់សម្រាប់ស្លរ ឬញ៉ាំជាមួយម្ហូបជាច្រើនមុខ។ ក្រៅពីរសជាតិឈ្ងុយឆ្ងាញ់ ម្អមត្រូវបានគេជឿជាក់ថាមានគុណសម្បត្តិផ្នែកឱសថបុរាណ ដែលក្នុងនោះរួមមានទាំងការជួយដោះស្រាយបញ្ហា ក្រួសក្នុងតម្រងនោម ផងដែរ។
យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស និងទិន្នន័យនៃការប្រើប្រាស់ឱសថបុរាណក្នុងតំបន់អាស៊ីអាគ្នេយ៍ បានឲ្យដឹងថា៖
- លក្ខណៈរុក្ខជាតិ៖ ម្អម គឺជាប្រភេទរុក្ខជាតិតូចៗ មានកម្ពស់ប្រហែល ១៥ ទៅ ៣០ សង់ទីម៉ែត្រ មានដើមប្រហោង និងសម្បូររោម។ ភាគច្រើនវាដុះនៅតាមវាលស្រែ ឬគេដាំជាបន្លែសម្រាប់ទទួលទាន។ ម្អមមានរសជាតិប្រហើរ ឈួល និងចត់តិចៗ។
- ការប្រើប្រាស់ជាឱសថ៖ បន្ថែមពីលើការបរិភោគជាបន្លែ គេក៏អាចយកផ្នែកខ្លះនៃរុក្ខជាតិម្អមនេះមក ដាំទឹកផឹក ដើម្បីធ្វើជាថ្នាំជំនួយសម្រាប់ ព្យាបាល ឬសម្រួលដល់ការបណ្តេញក្រួសក្នុងតម្រងនោម ផងដែរ។ វាត្រូវបានគេប្រើប្រាស់ជាឱសថធម្មជាតិ ដើម្បីជួយបន្សាបជាតិពុល និងបង្កើនលំហូរទឹកនោម។
ទោះបីជាការប្រើប្រាស់នេះជាទម្លាប់តាមបែបបុរាណក៏ដោយ ការព្យាបាលក្រួសក្នុងតម្រងនោមត្រូវតែមានការពិនិត្យ និងណែនាំត្រឹមត្រូវពីសំណាក់គ្រូពេទ្យជំនាញ៕