មន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាពេលកន្លងមកថា ៖ ក្រដាសត្រចៀក គឺជាបំណែកស្តើងនៃជាលិកាដែលបែងចែករវាងរន្ធត្រចៀកខាងក្រៅនិងត្រចៀកកណ្តាល វាមានតួនាទីយ៉ាងសំខាន់ដោយការបញ្ជូនរំញ័រសំឡេងក្នុងការស្តាប់ ។
ការរហែកក្រដាសត្រចៀក គឺជាការដាច់ធ្លុះបង្កើតជាប្រហោងលើជាលិកានៃក្រដាសត្រចៀកដែលជាមូលហេតុនៃការបង្ករោគនៅត្រចៀកកណ្តាល។
ក) មូលហេតុទូទៅនៃការរហែកក្រដាសត្រចៀក៖
– ការបង្ករោគនៅត្រចៀកកណ្តាលនេះគឺជាមូលហេតុចម្បង ដែលបណ្តាលឱ្យធ្លុះក្រដាសត្រចៀកជាពិសេសលើកុមារ
– ការផ្លាស់ប្តូរសម្ពាធខ្លាំង ភ្លាមៗ ឬ ហៅថា “barotrauma”។
– របួសត្រចៀក ឬ ក្បាលដោយគ្រោះថ្នាក់ចរាចរ
– ការប៉ះដោយផ្ទាល់លើក្រដាសត្រចៀក ដូចជាប៉ះដោយសារសំឡីត្បារ ឬវត្ថុផ្សេងៗ អាចធ្វើឱ្យធ្លុះក្រដាសត្រចៀក។
ខ) រោគសញ្ញា៖
ការរហែកត្រចៀក ពេលខ្លះមិនមានរោគសញ្ញាទេ។ ប៉ុន្តែរោគសញ្ញាអាចជួបប្រទះ រួមមាន៖
– ឈឺត្រចៀក ពេលខ្លះអាចធូរស្រាលក្រោយការរហែកឬ ធ្លុះ ក្រដាសត្រចៀក
– ការថយចុះ ឬ បាត់បង់ការស្តាប់ ដែលអាចជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍
– ការហូរទឹកចេញពីត្រចៀក (ទឹកថ្លា ខ្ទុះ ឬមានឈាម)
– សំឡេងរោទ៍ ហ៊ឹង ( ឮ ក្នុងត្រចៀក)
– វិលមុខ ឬ បាត់លំនឹង ជាដើម
គ) ការព្យាបាល ការរហែកក្រដាសត្រចៀក៖
ជាទូទៅ ការដាច់រហែក ឬ ធ្លុះក្រដាសត្រចៀកអាចជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេលពីរទៅបីសប្តាហ៍ បើការធ្លាយមានទំហំតូច។ ក្នុងអំឡុងពេលនោះគ្រូពេទ្យអាចណែនាំ ការព្យាបាលដោយថ្នាំមួយចំនួនដូចជា៖
– ថ្នាំបំបាត់ការឈឺចាប់៖ Acetaminophen ឬ Ibuprofen អាចជួយមិនសូវមានការឈឺចាប់។
– ថ្នាំអង់ទីប៊ីយោទិក៖ ប្រសិនបើមានការឆ្លងមេរោគ ឬ បង្ករោគ ដោយគ្រូពេទ្យអាចចេញវេជ្ជបញ្ជាឱ្យថ្នាំបន្តក់ត្រចៀក ឬថ្នាំលេប។
– ការការពារត្រចៀក៖ ជៀសវាងសំលេងខ្លាំងៗ និងរក្សាត្រចៀករបស់អ្នកឱ្យស្ងួតជានិច្ចពិសេសនៅពេលកំពុងព្យាបាល ៕