ជំងឺបេះដូង និងសរសៃឈាមគឺជាមូលហេតុចម្បងនៃការបាត់បង់ជីវិត។ ប៉ុន្តែដំណឹងល្អគឺថា បន្លែសាមញ្ញា និងពេញនិយមដូចជា ត្រកួន អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពបេះដូងរបស់អ្នក។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស បានបង្ហាញថា ត្រកួនមិនត្រឹមតែជាបន្លែដែលសម្បូរជាតិសរសៃប៉ុណ្ណោះទេ តែវាផ្ទុកទៅដោយសមាសធាតុដ៏មានឥទ្ធិពលដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរបាន។
តើត្រកួនជួយការពារបេះដូងដោយរបៀបណា?
អាថ៌កំបាំងនៃអត្ថប្រយោជន៍សុខភាពរបស់ត្រកួន គឺស្ថិតនៅក្នុងសារធាតុចិញ្ចឹមដ៏ចាំបាច់ជាច្រើនរបស់វា៖
- ឃ្លាំងសារធាតុប្រឆាំងអុកស៊ីតកម្ម៖ ត្រកួនសម្បូរទៅដោយ វីតាមីន A, C និង Beta-carotene។ សមាសធាតុទាំងនេះដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដ៏ខ្លាំងក្លា ដែលជួយ៖
- កាត់បន្ថយរ៉ាឌីកាល់សេរីក្នុងរាងកាយ។
- ទប់ស្កាត់ការកកកុញនៃកូលេស្តេរ៉ូលមិនល្អ ដែលជាមូលហេតុនៃការស្ទះសរសៃឈាម។
តាមរយៈការជួយគ្រប់គ្រងកូលេស្តេរ៉ូល និងការពារការខូចខាតកោសិកា ត្រកួនអាចជួយឱ្យអ្នកចៀសផុតពីជំងឺដែលទាក់ទងនឹងសរសៃឈាមដូចជា ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺស្ទះសរសៃឈាម ជាដើម។
ដូច្នេះ ការបន្ថែមត្រកួនទៅក្នុងរបបអាហារប្រចាំថ្ងៃ គឺមិនត្រឹមតែជាវិធីសាស្ត្រដ៏ងាយស្រួល និងឆ្ងាញ់ពិសាប៉ុណ្ណោះទេ ថែមទាំងជាការវិនិយោគដ៏ឆ្លាតវៃសម្រាប់បេះដូង និងអាយុវែងរបស់អ្នកផងដែរ៕