មន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាពេលថ្មីៗនេះថា ៖ ប្រតិកម្មអាណាហ្វីឡាក់ទិច!
១) និយមន័យ៖
– គណៈកម្មាធិការប្រតិកម្មអាណាហ្វីឡាក់ស៊ីរបស់អង្គការអាឡែហ្ស៊ីពិភពលោកបានអោយនិយមន័យប្រតិកម្មអាណាហ្វីឡាស៊ីថាជាប្រតិកម្មជាប្រព័ន្ធធ្ងន់ធ្ងរដែលជាធម្មតាចាប់ផ្តើមយ៉ាងឆាប់រហ័សហើយអាចបណ្តាលអោយស្លាប់។
– ប្រតិកម្មអាណាហ្វីឡាក់ទិចធ្ងន់ធ្ងរ គឺជាការគំរាមកំហែងដល់អាយុជីវិតដោយមានការប៉ះពាល់ផ្លូវដង្ហើម ដកដង្ហើម ចរន្តឈាមរត់ និងស្បែក។ ហើយអាចកើតឡើងដោយស្បែកនៅធម្មតា ឬមានវត្តមានស្យុកតែម្តង។
២) មូលហេតុ៖
ប្រតិកម្មអាណាហ្វីឡាក់ទិកវាអាចកើតឡើងភ្លាមៗបន្ទាប់ពីប៉ះពាល់នឹងសារធាតុអាលែហ្យែនច្រើនប្រភេទរួមមាន៖ ចំណីអាហារ ថ្នាំពេទ្យ វ៉ាក់សាំង (ថ្នាំបន្សាបពិសពស់) និងពិសរបស់សត្វល្អិតទិច ឬខាំ។
៣) សញ្ញា និងរោគសញ្ញា៖
សញ្ញា និង រោគសញ្ញានៃប្រតិកម្មអាណាហ្វីឡាក់ទិច ជាទូទៅកើតឡើងក្នុងរយៈតែប៉ុន្មានវិនាទី ឬនាទីបន្ទាប់ពីប៉ះពាល់សារធាតុអាលែហ្យែន។
ក) ប៉ះពាល់ផ្លូវដង្ហើម (Airway)៖
– ហើមផ្លូវដង្ហើមខាងលើ ហើមបំពង់ករ ហើមអណ្តាត ដែលធ្វើអោយអ្នកជំងឺពិបាកដកដង្ហើម និងពិបាកលេប។
– សំឡេងស្អក (hoarse)
– សំឡេងស្រមុក (stridor)
ខ) ប៉ះពាល់ដង្ហើម (Breathing)
– ហត់ពិបាកដកដង្ហើម ដកដង្ហើមលឺសូរសំឡេងហួច (wheeze) ឬ ក្អកជាប់។
– អ្នកជំងឺឡើងស្វាយ និងវង្វេងស្មារតីដោយខ្វះអុកស៊ីសែនក្នុងឈាម។
– អ្នកជំងឺអស់កំលាំងខ្លាំងដោយការខំដកដង្ហើមពេក។
– គាំងដង្ហើម (respiratory arrest)
គ) ប៉ះពាល់ចរន្តឈាមរត់ (Circulation)
– មានសញ្ញាស្យុក៖ ស្បែកស្លេក បែកញើសស្អិតត្រជាក់ បេះដូងដើរញាប់ សម្ពាធឈាមចុះ ដួលសន្លប់។
– បេះដូងដើរលឿនខុសចង្វាក់ ឬ គាំងបេះដូង។
ឃ) ប៉ះពាល់ប្រដាប់រំលាយអាហារ៖ ចុកពោះ រាគ ក្អួត
ង) ប៉ះពាល់ប្រព័ន្ធប្រសាទ៖ រើបំរះ វង្វេងស្មារតី កំរិតស្មារតីធ្លាក់ចុះ
ច) ប៉ះពាល់លើស្បែក៖
– ចេញកន្ទាលត្រអាក រម៉ាស់ ហើមបបូរមាត់ ហើមមុខ ហើមភ្នែក ចេញទឹករងៃ។
៤) រោគវិនិច្ឆ័យ
រោគវិនិច្ឆ័យផ្អែកលើ៖
– ការចាប់ផ្តើមរហ័ស និងចេញរោគសញ្ញា
– ការគំរាមកំហែងដល់អាយុជីវិតដោយប៉ះពាល់ទៅលើផ្លូវដង្ហើម ដកដង្ហើម ចរន្តឈាមរត់
– ការប្រែប្រួលនៃស្បែកមានចេញកន្ទាលត្រអាក កន្ទួលក្រហម រម៉ាស់
«ប្រសិនបើបងប្អូនជួបបញ្ហា ឬមានអាការៈដូចបានរៀបរាប់ខាងលើ សូមបងប្អូនប្រញាប់មកមន្ទីរពេទ្យដែលនៅជិតលោកអ្នក ដើម្បីពិគ្រោះ ព្យាបាលបានបន្ទាន់ ទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់។»