មន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាពេលកន្លងមកថា ៖ ជំងឺដុំគីសលើពងស្វាស (kystes de l’épididyme) ។
ក. តើអ្វីជាជំងឺដុំគីសលើពងស្វាស?
ជំងឺដុំគីសលើពងស្វាស ជាជំងឺដែលមានវត្តមាន ដុំគីសទឹកនៅក្នុងថង់ស្រោមពងស្វាសជាប់ និងពងស្វាស និងបំពង់មេជីវិតផ្នែកខាងលើដែលអាចស្ទាបប៉ះដឹងនៅពេលវាមានទំហំធំល្មម ហើយគេសង្កេត ឃើញថា វាកើតឡើង ញឹកញាប់ ទៅលើកូនក្មេង និងមនុស្សពេញវ័យផងដែរ។
ខ. តើមានមូលហេតុអ្វីខ្លះដែលបណ្តាលអោយមាន ជំងឺនេះ?
វាត្រូវគេរកឃើញថា ការស្ទះបំពង់តូចៗរបស់ទឹកកាមបុរស ធ្វើអោយមានការកកើតដុំគីសនេះឡើង និងមានកត្តា រួមផ្សំផ្សេងៗទៀតដូចជាការ រលាក ជាដើម។
គ. តើជំងឺនេះ បង្ករជារោគសញ្ញាអ្វីខ្លះ?
៣៦ភាគរយ នៃជំងឺដុំគីសនេះ គឺមិនមានរោគសញ្ញាអ្វីនោះទេ។ ហើយរោគសញ្ញាដែលអាចកើតមានញឹកញាប់មានដូចជា៖
– ការឈឺចុកចាប់នៅនឹងផ្នែកខាងលើនៃពងស្វាសដែលមានដុំគីស
– ការស្ទាបប៉ះ ដុំគីស រាងមូល ទន់ នៅផ្នែកខាងលើ ពងស្វាស
– វាមិនមានការប៉ះពាល់ទៅលើការ បន្តពូជបុរសនោះទេ
– វាមិនត្រូវបានចាត់ទុក និងវិវត្តទៅជា ជំងឺមហារីកនោះទេ។
ឃ. តើការធ្វើរោគវិនិច្ឆ័យតាមរបៀបណា?
– ជំងឺដុំគីស នេះត្រូវបានរកឃើញដោយចៃដន្យណាមួយ កំឡុងពេលស្ទាបប៉ះ ដោយខ្លួនឯង ឬរកឃើញដោយ ផ្ទាល់ពីគ្រូពេទ្យឯកទេស
– ការធ្វើ អេកូសាស្រ្ត ដើម្បីបញ្ជាក់រោគវិនិច្ឆ័យ និងទំហំនៃដុំគីស។
ង. ជំងឺដែលងាយច្រឡំ
– ជំងឺ ដុំមហារីក ពងស្វាស (Tumeur testiculaire)
– ជំងឺ ដក់ទឹកក្នុង ស្រោមពងស្វាស (Hydrocèle)
– ជំងឺ រីកសរសៃវែនពងស្វាស (Varicocèle)
– ជំងឺ ក្លនពោះវៀនចូលក្នុងស្រោមពងស្វាស (Hernie inguino-scrotale)