ជំងឺរលាកថ្លើមដោយមេរោគប្រភេទ សេ (Hépatite C) គឺជាជំងឺដ៏គ្រោះថ្នាក់មួយដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិត។ មន្ទីរពេទ្យកាល់ម៉ែតបានក្រើនរំលឹកពីរោគសញ្ញារបស់ជំងឺនេះ។
រោគសញ្ញាដែលអ្នកត្រូវប្រយ័ត្ន៖
រោគសញ្ញាដែលលេចឡើងគឺអាស្រ័យលើកម្រិតនៃការរលាក និងស្ថានភាពសាច់ថ្លើម (ទន់ធម្មតា, រឹង, ឬក្រិន) របស់អ្នកជំងឺ។ សញ្ញាទាំងនោះរួមមាន៖
- ហេវហត់ និងចុះខ្សោយកម្លាំង ដោយគ្មានមូលហេតុច្បាស់លាស់។
- ឡើងលឿង ភ្នែក និងស្បែក។
- មានរោគសញ្ញាស្រដៀងនឹង ជំងឺផ្ដាសាយធំ។
- មានការហើមជើង ជាដើម។
ការព្រមានសំខាន់បំផុត៖
គួរកត់សម្គាល់ថា ជាង ៨០% នៃអ្នកជំងឺរលាកថ្លើមប្រភេទ C គឺ មិនមានរោគសញ្ញាអ្វីច្បាស់លាស់នោះឡើយ។
វិធីកំណត់រោគវិនិច្ឆ័យត្រឹមត្រូវ៖
មានតែការពិនិត្យឈាមដើម្បីរកវត្តមានរបស់ អង្គបដិបក្ខប្រាណ និង រាប់មេរោគ ទេ ទើបអាចកំណត់រោគវិនិច្ឆ័យនៃជំងឺប្រភេទនេះបានយ៉ាងច្បាស់លាស់។ សូមទៅពិនិត្យសុខភាពថ្លើមជាប្រចាំដើម្បីការពារទាន់ពេលវេលា!