ការក្អក និងស្លេស្មគឺជាបញ្ហាសុខភាពទូទៅ។ ក្រៅពីថ្នាំពេទ្យ តើអ្នកដឹងទេថា ផ្លែឈើធម្មជាតិខ្លះអាចជាឱសថជួយសម្អាតផ្លូវដង្ហើម?
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស បានបង្ហាញពីផ្លែឈើ ៤ មុខ ដែលមានលក្ខណៈសម្បត្តិពិសេសជួយបំបាត់អាការៈក្អកយ៉ាងមានប្រសិទ្ធភាព៖
១. ម្នាស់៖ រំលាយស្លេស្ម និងកាត់បន្ថយការរលាក
ផ្លែម្នាស់សម្បូរទៅដោយអង់ស៊ីម Bromelain ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកខ្លាំង។ សារធាតុនេះជួយបំបែកស្លេស្មក្នុងផ្លូវដង្ហើម ធ្វើឱ្យវារាវនិងងាយស្រួលបណ្តេញចេញ។ ការញ៉ាំម្នាស់ស្រស់ ឬទឹកម្នាស់ច្របាច់អាចជួយបន្ថយការរលាកបំពង់កពីការក្អករ៉ាំរ៉ៃ។
២. ក្រូចឆ្មារ៖ សម្លាប់មេរោគ និងសម្អាតបំពង់ក
ក្រូចឆ្មារមានវីតាមីន C និងអាស៊ីតក្រូចឆ្មារខ្ពស់ ដែលជួយកាត់បន្ថយភាពស្អិតនៃទឹករំអិល។ ផ្លែនេះក៏មានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីក្នុងបំពង់ក និងកាត់បន្ថយការរលាកផងដែរ។ ការទទួលទានទឹកក្រូចឆ្មារក្តៅៗលាយជាមួយទឹកឃ្មុំ គឺជាឱសថធម្មជាតិដ៏ពេញនិយមសម្រាប់បំបាត់ក្អក និងឈឺបំពង់ក។
៣. កន្ទួតព្រៃ៖ ជំនួយភាពស៊ាំ
កន្ទួតព្រៃជាផ្លែឈើដែលមានវីតាមីន C ច្រើនជាងផ្លែក្រូចច្រើនដង ហើយមានសារធាតុ Tannin ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម។ វាជួយកាត់បន្ថយការរលាក និងបំបាត់ការរមាស់បំពង់ក។ លើសពីនេះ វាជួយជំរុញការបញ្ចេញទឹករំអិល និងសម្អាតផ្លូវដង្ហើម ដែលល្អសម្រាប់អ្នកមានក្អកស្ងួត។
៤. ផ្លែប៊ឺរី៖ ប្រឆាំងការរលាក និងពង្រឹងរាងកាយ
ផ្លែប៊ឺរីដូចជា ប៊្លូបឺរី រ៉ាបប៊ឺរី និងស្ត្របឺរី ផ្ទុកទៅដោយសារធាតុ Anthocyanins ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកដ៏ល្អបំផុត។ វាអាចជួយបន្ថយការរលាកបំពង់ក និងបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក ជួយឱ្យរាងកាយប្រយុទ្ធប្រឆាំងនឹងមេរោគដែលបង្កឱ្យមានជំងឺផ្តាសាយ និងក្អក។
ចំណាំ៖ ការទទួលទានផ្លែឈើស្រស់ៗទាំងនេះជាប្រចាំ មិនត្រឹមតែជួយបំបាត់ការក្អកទេ ថែមទាំងជួយបន្សាបជាតិពុល និងពង្រឹងសុខភាពផ្លូវដង្ហើមទាំងមូល៕