សូមប្រុងប្រយ័ត្ន ជំងឺខាន់លឿងលើស្បែក និងភ្នែក (Ictère) អាចជាជំងឺមហារីកលំពែងបាន! ។ នេះបើយោងតាមមន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាពេលកន្លងមក ។
ក. អ្វីជាមហារីកលំពែង?
មហារីកលំពែង ជាជំងឺកំរ (rare) តែកាចសាហាវ (agressif) ហើយភាគច្រើនកើតលើមនុស្សប្រុសអាយុចាប់ពី ៤០ឆ្នាំឡើងទៅ។ ៨០%នៃជំងឺនេះ ភាគច្រើនកើតនៅក្បាលលំពែងជាងខ្លួននិងកន្ទុយលំពែង។
ខ. មូលហេតុ និងកត្តារួមផ្សំ (Causes et facteur de risque)
គេនៅមិនទាន់រកឃើញអំពីមូលហេតុពិតប្រាកដនៃជំងឺមហារីកលំពែងនេះនៅឡើយទេ ប៉ុន្តែមានកត្តារួមផ្សំមួយចំនួនដែលអាចបង្កអោយមានជំងឺមហារីកនេះ៖
– ទឹកនោមផ្អែម
– រលាកលំពែងរ៉ាំរ៉ៃ
– ស្រា និងបារី
– អាហារសំបូរទៅដោយខ្លាញ់ និងសាច់សត្វ
– និងកត្តាដំណពូជផ្សេងៗទៀត
គ. រោគសញ្ញា
– គេពិបាកនឹងឃើញរោគសញ្ញាជាក់លាក់ណាស់ វាកើតឡើងដោយស្ងៀមស្ងាត់ ហើយអ្នកជំងឺអាចឈឺនៅចុងដង្ហើម ដែលធ្វើអោយអ្នកជំងឺមិនសូវឃ្លាន ឬថយចំណង់អាហារ។
– អាចរាគមួល
– មានទឹកនោមផ្អែម
– ឡើងលឿង នៅលើស្បែក និងភ្នែក
– ស្រកទម្ងន់ ៕