តើអ្នកធ្លាប់មានអារម្មណ៍ថាដកដង្ហើមមិនបានពេញលំហូរ ឬតឹងច្រមុះជាប់រហូតទេ? បញ្ហានេះអាចបណ្តាលមកពីភាពមិនប្រក្រតីមួយដែលគេហៅថា វៀចឆ្អឹងសន្ទះខណ្ឌរន្ធច្រមុះ (Deviated Nasal Septum)។ វាជាស្ថានភាពមួយដែលឆ្អឹងខ្ចីចែករន្ធច្រមុះទាំងសងខាងមានសភាពវៀច ឬរមួល ដែលបង្កឲ្យមានបញ្ហាសុខភាពជាច្រើន។
១. តើអ្វីជាមូលហេតុបណ្ដាលឲ្យឆ្អឹងច្រមុះវៀច?
ភាពវៀចនៃឆ្អឹងសន្ទះខណ្ឌច្រមុះអាចកើតឡើងដោយសារកត្តាបីយ៉ាងសំខាន់ៗ៖
- មកពីកំណើត (Congenital): ឆ្អឹងច្រមុះអាចវៀចតាំងពីនៅក្នុងផ្ទៃម្តាយមកម្ល៉េះ។
- ការប៉ះទង្គិច៖ គ្រោះថ្នាក់ដែលបណ្តាលមកពីការដួល, គ្រោះថ្នាក់ចរាចរណ៍, ឬការប៉ះទង្គិចអំឡុងពេលលេងកីឡា។
- ការលូតលាស់មិនប្រក្រតី៖ កើតឡើងនៅពេលដែលផ្នែកទាំងពីរនៃឆ្អឹងខ្ចីលូតលាស់មិនស្មើគ្នាអំឡុងពេលវ័យលូតលាស់។
២. រោគសញ្ញា ៧ យ៉ាងដែលអ្នកត្រូវប្រុងប្រយ័ត្ន!
ប្រសិនបើឆ្អឹងច្រមុះរបស់អ្នកវៀច អ្នកអាចជួបប្រទះនូវរោគសញ្ញាដូចខាងក្រោមនេះ៖
- ពិបាកដកដង្ហើម: មានអារម្មណ៍ថាខ្យល់មិនអាចឆ្លងកាត់រន្ធច្រមុះម្ខាង (ឬទាំងសងខាង) បានស្រួល។
- តឹងច្រមុះញឹកញាប់: អាការៈតឹង ឬស្ទះច្រមុះកើតឡើងជាប្រចាំ និងយូរអង្វែង។
- ឈឺក្បាល ឬ ឈឺផ្ទៃមុខ: អាចមានការឈឺចាប់នៅតំបន់ផ្ទៃមុខ ឬឈឺក្បាលរ៉ាំរ៉ៃ។
- ឈាមច្រមុះ: អាចមានការហូរឈាមតាមច្រមុះញឹកញាប់ដោយសារតែភាពស្ងួតនៃភ្នាសរំអិល។
- ហៀរសំបោរ: មានអាការៈហៀរសំបោរជាប់រហូត ឬមានអារម្មណ៍ថាមានទឹករំអិលហូរចូលបំពង់ក។
- ស្រមុក: ភាពវៀចច្រមុះបង្កើនការស្ទះផ្លូវដង្ហើមពេលគេង ដែលនាំឲ្យមានការស្រមុកខ្លាំង។
- វិបត្តិដំណេក: បណ្តាលមកពីការពិបាកដកដង្ហើមពេលយប់ ដែលធ្វើឲ្យគុណភាពនៃការគេងធ្លាក់ចុះ។
៣. សេចក្ដីដាស់តឿន និងផលវិបាក
ការបណ្តោយឲ្យឆ្អឹងច្រមុះវៀចរ៉ាំរ៉ៃអាចនាំឲ្យមានផលវិបាកផ្សេងៗទៀតដូចជា ការគេងមិនលក់រ៉ាំរ៉ៃ និងការឆ្លងមេរោគច្រមុះញឹកញាប់។
ដំបូន្មានសំខាន់៖ ប្រសិនបើអ្នក ឬមនុស្សជាទីស្រលាញ់របស់អ្នកជួបប្រទះរោគសញ្ញាណាមួយខាងលើនេះ សូម ប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ និងទទួលការព្យាបាលសមស្រប ដើម្បីបង្ការផលវិបាកដែលអាចកើតមាន៕
ដកស្រង់ពី៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត