តើអ្នកឧស្សាហ៍រត់ចូលបន្ទប់ទឹកញឹកញាប់ជាងមុនទេ? ការផ្លាស់ប្តូរទម្លាប់បន្ទោបង់ (ចលនាពោះវៀន) អាចបណ្តាលមកពីកត្តាជាច្រើនដែលអ្នកប្រហែលជាមិននឹកស្មានដល់។ នេះជា ៦ ហេតុផល ដែលអាចពន្យល់បានថា ហេតុអ្វីបានជាអ្នកចេះតែចង់ទៅបន្ទប់ទឹក៖
១. បង្កើនការញ៉ាំបន្លែ ឬផ្លែឈើ (ជាតិសរសៃខ្ពស់)
- មូលហេតុ៖ ការបន្ថែមជាតិសរសៃច្រើនទៅក្នុងរបបអាហារ (តាមរយៈបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ) ជួយជំរុញចលនារបស់ពោះវៀនធំ។ ជាតិសរសៃបង្កើនទម្ងន់ និងទំហំលាមក ដែលធ្វើឲ្យវាងាយស្រួលឆ្លងកាត់ និងធ្វើឲ្យអ្នកបន្ទោបង់បានទៀងទាត់ និងញឹកញាប់ជាងមុន។
២. ការឆ្លងមេរោគក្នុងប្រព័ន្ធរំលាយអាហារ
- មូលហេតុ៖ ការឆ្លងមេរោគដោយបាក់តេរី ឬវីរុសអាចធ្វើឲ្យពោះវៀនផលិតលាមកច្រើន (បង្កឲ្យរាក) ឬបង្កឲ្យមានចលនាពោះវៀនលឿនជាងមុន ដើម្បីបណ្តេញមេរោគចេញ។
៣. ការធ្វើលំហាត់ប្រាណបន្ថែម
- មូលហេតុ៖ លំហាត់ប្រាណមិនត្រឹមតែល្អសម្រាប់បេះដូងទេ តែវាក៏ជួយដល់ពោះវៀនដែរ! ចលនារាងកាយបង្កើនការកន្ត្រាក់នៃសាច់ដុំក្នុងពោះវៀនធំ ដែលជួយរុញច្រានកាកសំណល់។ នេះជាមូលហេតុដែលគ្រូពេទ្យណែនាំឲ្យអ្នកទល់លាមកហាត់ប្រាណ។
៤. ជំងឺរលាកពោះវៀនធំរ៉ាំរ៉ៃ
- មូលហេតុ៖ IBS គឺជាជំងឺទូទៅមួយដែលបង្កឲ្យមានការឈឺពោះ រមួលក្រពើ ហើមពោះ និងបញ្ហាចលនាពោះវៀន។ អ្នកជំងឺ IBS អាចជួបប្រទះការបន្ទោបង់ញឹកញាប់ភ្លាមៗ អមដោយការរាគ ឬឆ្លាស់គ្នាជាមួយការទល់លាមក។
៥. កម្រិតស្ត្រេសខ្ពស់ហួសហេតុ
- មូលហេតុ៖ ស្ត្រេសមានឥទ្ធិពលផ្ទាល់ទៅលើ “ប្រព័ន្ធសរសៃប្រសាទពោះវៀន”។ មនុស្សមួយចំនួនមានប្រតិកម្មនឹងភាពតានតឹងដោយមានចលនាពោះវៀនញឹកញាប់ជាងមុន ឬមានលាមកទន់រលុង (រាកដោយសារស្ត្រេស)។
៦. ការប្រែប្រួលអ័រម៉ូន (ចំពោះស្ត្រីមុនពេលមករដូវ)
- មូលហេតុ: ភាពប្រែប្រួលនៃកម្រិតអ័រម៉ូន (ជាពិសេស Prostaglandins) នៅពេលដែលរដូវរបស់អ្នកខិតជិតមកដល់ អាចជំរុញឲ្យសាច់ដុំពោះវៀនកន្ត្រាក់ខ្លាំងជាងធម្មតា។ នេះជាមូលហេតុដែលស្ត្រីជាច្រើនមានលាមកទន់រលុង ឬបន្ទោបង់ញឹកនៅពេលជិតមករដូវ។
ដំបូន្មាន៖ ប្រសិនបើការបន្ទោបង់ញឹកញាប់នេះកើតឡើងជាប់លាប់ រួមជាមួយអាការៈឈឺចាប់ ហូរឈាម ឬស្រកទម្ងន់ដោយគ្មានមូលហេតុ សូមទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកមូលហេតុច្បាស់លាស់៕
(ប្រភព៖ បរទេស)