ការឃើញឈាមនៅក្នុងលាមក មិនមែនជារឿងធម្មតាដែលគួរមើលរំលងនោះទេ។ វាជាសញ្ញាព្រមានដ៏ច្បាស់លាស់មួយដែលប្រាប់ថា ប្រព័ន្ធរំលាយអាហាររបស់អ្នកកំពុងមានបញ្ហាធ្ងន់ធ្ងរ។ ឈាមអាចបង្ហាញពីជំងឺតូចតាចរហូតដល់ជំងឺកាចសាហាវដែលគំរាមកំហែងដល់អាយុជីវិត។
នេះជាជំងឺគ្រោះថ្នាក់ ៦ ប្រភេទ ដែលអាចចាប់ផ្តើមដោយរោគសញ្ញា “លាមកមានឈាម”៖
១. ជំងឺឫសដូងបាត
- មូលហេតុ: ជាទូទៅកើតឡើងចំពោះអ្នកដែលទល់លាមកញឹកញាប់ ឬមានលាមករឹងខ្លាំង ដែលបង្កឲ្យមានការប៉ះទង្គិចដល់ភ្នាសរំអិលនៅរន្ធគូថ។
- សញ្ញា: ឈាម ស្រស់ៗ ហូរចេញជាដំណក់ ឬប្រឡាក់ជាមួយលាមក។ ជួនកាលមានការឈឺចាប់ ក្រហាយ និងហើមឫសដូងនៅរន្ធគូថ។
- ចំណាំ: បើមិនបាត់ សូមទៅជួបគ្រូពេទ្យដើម្បីព្យាបាល។
២. ការហូរឈាមក្នុងពោះវៀនធំ
- សញ្ញា: មានឈាម ស្រស់ៗ ឬកំណកឈាម ចេញមកជាមួយលាមក ប៉ុន្តែ មិនមានការឈឺចាប់ នៅរន្ធគូថ (ព្រោះមិនមានការទល់លាមក)។
- ដំបូន្មាន: ប្រសិនបើហូរឈាមតិចតួចអាចតាមដានបាន។ ប៉ុន្តែបើហូរឈាមច្រើន ត្រូវសម្រាក, តមអាហារ និងទឹក ហើយប្រញាប់ទៅមន្ទីរពេទ្យ។
៣. ហូរឈាមក្នុងក្រពះ ឬពោះវៀនតូច
- សញ្ញា: រោគសញ្ញាអាចចាប់ផ្តើមដោយក្អួតឈាម (ឬមិនក្អួត) អមដោយលាមកមានឈាម ដែលមានពណ៌ ងងឹត ឫស្ទើរតែខ្មៅ (ដូចជ័រ)។ នេះបណ្តាលមកពីឈាមបានរំលាយដោយអាស៊ីតក្រពះ។
- ដាស់តឿន: បើហូរឈាមច្រើន សូមតមអាហារ និងភេសជ្ជៈ ហើយទៅជួបគ្រូពេទ្យជាបន្ទាន់។
៤. ជំងឺមួល/រាក
- សញ្ញា: រាកខ្លាំង ហើយលាមកមាន ស្លេស្ម និងឈាម ព្រមទាំងមាន ក្លិនស្អុយខ្លាំង។ នេះអាចបណ្តាលមកពីការឆ្លងមេរោគក្នុងពោះវៀនធំ ដែលនាំឲ្យមានការរលាក និងដំបៅ។
- ដំណោះស្រាយ: ត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីពិនិត្យលាមកឲ្យដឹងមូលហេតុពិតប្រាកដ និងទទួលការព្យាបាលតាមមេរោគ។
៥. មហារីកពោះវៀនធំ
- មូលហេតុ: ដុំសាច់មហារីកបង្កឲ្យមានដំបៅ ជាពិសេសនៅជិតរន្ធគូថ ដែលបង្កើនហានិភ័យនៃឈាមក្នុងលាមក។
- ហានិភ័យ: ច្រើនកើតលើមនុស្សពេញវ័យ ចាប់ពី ៤០-៥០ ឆ្នាំឡើងទៅ។ ហានិភ័យកាន់តែខ្ពស់បើមានប្រវត្តិគ្រួសារ។
- ការការពារ: កាត់បន្ថយសាច់ក្រហម, អាហារដុត ឬជក់ផ្សែង, ឈប់ជក់បារី/ផឹកស្រា និងហាត់ប្រាណឲ្យទៀងទាត់។
៦. ជំងឺពោះវៀនខ្វះឈាម
- មូលហេតុ: កង្វះលំហូរឈាមទៅកាន់ពោះវៀន ដែលធ្វើឲ្យកោសិកាពោះវៀនខូចខាត និងអាចរលួយ។
- សញ្ញាគ្រោះថ្នាក់: ឈឺពោះធ្ងន់ធ្ងរ (អាចដល់ថ្នាក់សន្លប់) អមដោយ លាមកមានឈាម។ ស្ថានភាពនេះធ្ងន់ធ្ងរ និងអាចនាំឲ្យមានការឆ្លងមេរោគក្នុងឈាម និងស្លាប់។
- ដាស់តឿន: បើមានរោគសញ្ញាឈឺពោះធ្ងន់ធ្ងរ រួមជាមួយលាមកមានឈាម ត្រូវទៅមន្ទីរពេទ្យភ្លាមៗ។ ការវះកាត់អាចត្រូវបានទាមទារ។
សំខាន់ត្រូវដឹង៖ លាមកពណ៌ក្រហម ឬខ្មៅ មិនមែនសុទ្ធតែជាឈាមជានិច្ចទេ។ វាអាចបណ្តាលមកពីការញ៉ាំអាហារដែលមានពណ៌ (ដូចជាឈាមសត្វ) ឬលេបថ្នាំមួយចំនួន។
ដំបូន្មានចុងក្រោយ: បើអ្នកឃើញលាមកមានឈាម ឬមានពណ៌ដូចឈាម ហើយមិនមានរោគសញ្ញាផ្សេងទៀត អ្នកអាចសាកល្បងផ្លាស់ប្តូររបបអាហារ (ញ៉ាំបន្លែ ផ្លែឈើ ផឹកទឹក) រយៈពេលខ្លីសិន។ ប៉ុន្តែប្រសិនបើអ្នក មិនប្រាកដចិត្ត ឬមានរោគសញ្ញាធ្ងន់ធ្ងរខាងលើ សូមទៅជួបគ្រូពេទ្យដើម្បីពិនិត្យឲ្យបានច្បាស់លាស់!
(ប្រភព៖ បរទេស)