ជំងឺមហារីកឈាម គឺជាជំងឺកាចសាហាវដែលប៉ះពាល់ដល់ការផលិតកោសិកាឈាម ហើយវាតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់។ រោគសញ្ញាអាចមានលក្ខណៈប្រែប្រួលទៅតាមប្រភេទនៃមហារីកឈាម ប៉ុន្តែរោគសញ្ញាទូទៅ និងសំខាន់ៗទាំងនេះ គឺជាការដាស់តឿនដែលអ្នកមិនគួរមើលរំលងឡើយ!
ក្រុមរោគសញ្ញា ១៖ បញ្ហាខ្វះកោសិកាឈាមក្រហម (ភាពស្លេកស្លាំង)
នៅពេលដែលខួរឆ្អឹងផលិតកោសិកាមហារីកច្រើនពេក វានឹងរំខានដល់ការផលិតកោសិកាឈាមក្រហមធម្មតា ដែលនាំឲ្យមានភាពស្លេកស្លាំង។ សញ្ញារួមមាន៖
- ស្លេកស្លាំង៖ ស្បែក និងភ្នាសផ្សេងៗមើលទៅស្លេកមិនមានឈាម។
- ដួលសន្លប់/វិលមុខ៖ បណ្តាលមកពីកង្វះអុកស៊ីហ្សែនទៅខួរក្បាល។
- អស់កម្លាំងយ៉ាងងាយស្រួល៖ ភាពនឿយហត់ធ្ងន់ធ្ងរ និងខ្សោះថាមពល ទោះបីជាសម្រាកបានគ្រប់គ្រាន់ក៏ដោយ។
ក្រុមរោគសញ្ញា ២៖ បញ្ហាខ្វះកោសិកាប្លាកែត (ការហូរឈាម)
កង្វះកោសិកាប្លាកែត ដែលជាកោសិកាជួយឲ្យឈាមកក នឹងធ្វើឲ្យអ្នកងាយហូរឈាម៖
- ងាយហូរឈាម: ហូរឈាមតាមអញ្ចាញធ្មេញ ឬច្រមុះដោយងាយ។
- ស្នាមជាំនៅលើដងខ្លួន: ងាយចេញស្នាមជាំ តាមស្បែក ដោយមិនចាំបាច់មានការប៉ះទង្គិចខ្លាំង។
ក្រុមរោគសញ្ញា ៣៖ បញ្ហាមិនប្រក្រតីនៃប្រព័ន្ធភាពស៊ាំ និងការហើមសរីរាង្គ
កោសិកាមហារីកអាចរាលដាលដល់សរីរាង្គ និងធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ៖
- កូនកណ្តុរហើម: មានអាការៈហើមនៅក, ក្រលៀន ឬក្លៀក។
- ដុំពកក្នុងពោះ: អាចស្ទាបដឹងដុំពកនៅក្នុងពោះ ដោយសារតែថ្លើម និងលំពែងរីកធំ។
- ងាយឆ្លងមេរោគ: ប្រព័ន្ធភាពស៊ាំចុះខ្សោយ ធ្វើឲ្យងាយកើតជំងឺឆ្លងញឹកញាប់។
- គ្រុនក្តៅ: កើតគ្រុនក្តៅដោយគ្មានមូលហេតុច្បាស់លាស់។
ដាស់តឿន៖ ប្រសិនបើអ្នក ឬអ្នកដែលនៅជិតអ្នកជួបប្រទះរោគសញ្ញាណាមួយ ឬច្រើនជាងនេះជាបន្តបន្ទាប់ សូម កុំពន្យារពេល! សូមទៅជួបគ្រូពេទ្យជាបន្ទាន់ដើម្បីធ្វើរោគវិនិច្ឆ័យ និងពិនិត្យឈាមឲ្យបានច្បាស់លាស់។ ការព្យាបាលទាន់ពេលវេលា គឺជាគន្លឹះនៃភាពជោគជ័យ៕
(ប្រភព៖ បរទេស)